ក្នុងសុន្ទរកថា ថ្លែទៅកាន់អង្គមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ តាមប្រព័ន្ធវីដេអូ នាយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សន្តិភាព និងសន្តិសុខអន្តរជាតិមានសារៈសំខាន់បំផុតសម្រាប់អនាគតប្រកបដោយចីរភាព។ កម្ពុជាសូមបញ្ជាក់ជាថ្មី អំពីជំហរដែលប្រកាន់យកជាយូរមកហើយថា ការទទួលខុសត្រូវចម្បងក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ គឺស្ថិតនៅលើអង្គការសហប្រជាជាតិ។ ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានរួមចំណែកតាមរយៈការបញ្ជូនកងកម្លាំងជាង ៧ ៥០០នាក់ ដើម្បីបម្រើក្នុងបេសកកម្មរក្សាសន្តិភាពផ្សេងៗ នៅទូទាំងពិភពលោករបស់អង្គការសហប្រជាជាតិ ហើយកងកម្លាំងរបស់យើងមួយចំនួនបានធ្វើពលីកម្មបូជាជីវិត ក្នុងអំឡុងពេលបំពេញបេសកកម្មការពារជនស្លូតត្រង់។
លើសពីនេះ កម្ពុជាគាំទ្រដល់សកម្មភាពសម្រាប់គំនិតផ្ដួចផ្ដើមរក្សាសន្តិភាពបូក (A4P+) របស់ឯកឧត្ដមអគ្គលេខាធិការ។ ជាមួយគ្នានេះ សម្ដេចតេជោបានសង្កត់ធ្ងន់ថា ការប្រែប្រួលតថភាពនៃសតវត្សទី២១ ទាមទារនូវអង្គការសហប្រជាជាតិមួយ ដែលមានទម្រង់ថ្មី និងមានភាពរហ័សរហួនក្នុងការឆ្លើយតប។ អង្គការនេះត្រូវតែប្រកាន់ឱ្យបានខ្ជាប់ខ្ជួនជាងមុននូវអភិក្រមដោះស្រាយបញ្ហា តាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាប័ន្ន និងភាពជាតំណាង។
សម្ដេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងថាក្នុងនាមជាប្រធានអាស៊ានឆ្នាំក្រោយថា កម្ពុជានឹងព្យាយាមដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់។ ជាមួយនឹងសាមគ្គីភាពដ៏រឹងមាំរវាងប្រទេសសមាជិកអាស៊ាន និងការគាំទ្រពីដៃគូខាងក្រៅ កម្ពុជានឹងបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន និងថែរក្សាតួនាទីរបស់អាស៊ានដែលជាតំបន់មានសារៈសំខាន់សម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពិភពលោក។ កម្ពុជានឹងបន្តជំរុញកសាងសហគមន៍អាស៊ានមួយប្រកបដោយភាពរស់រវើក និងសុខដុម ជាមួយនឹងការការពារដល់ពលករចំណាកស្រុក របៀបវារៈការអភិវឌ្ឍ ដែលមានភាពបៃតង និងបរិយាប័ន្ន ការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍសិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និងយុវវ័យ៕
ដោយ ជឹម ណារី
0 Comment:
Post a Comment