(សៀមរាប)៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំពិព័រណ៍ផលិតផលខ្មែរ បន្លែ និងផ្លែឈើលើកទី១៥ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ នៅក្នុងខេត្តសៀមរាប។ ក្នុងឱកាសនោះ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានជំរុញលើកទឹកចិត្តដល់កសិករ ផលិតករ និងសហគ្រាសធុនតូច និងមធ្យម ត្រូវបង្កើនគំនិតច្នៃប្រឌិតបន្ថែមទៀត ដើម្បីប្រកួតប្រជែងនៅលើទីផ្សារ។
លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា សហគ្រាសធុនតូច និងមធ្យម ត្រូវខិតខំបង្កើននូវគំនិតច្នៃប្រឌិតទំនិញថ្មីៗបន្ថែមទៀត ដោយធ្វើការវេចខ្ចប់ឱ្យកាន់តែមានសោភ័ណភាព អនាម័យ ក្នុងន័យដើម្បីទាក់ទាញសម្រាប់បម្រើទីផ្សារក្នុងស្រុកឱ្យកាន់តែល្អប្រសើរ។
ចំពោះយុទ្ធនាការទិញផលិតផលខ្មែរ លោក ឈួន ដារ៉ា យល់ថា វាជាផ្នែកមួយសំខាន់នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម។ យុទ្ធនាការនេះ គឺជាសំឡេងជួងពញ្ញាក់ស្មារតីប្រជាជនទូទៅ ឱ្យងាកមកចូលរួម គាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសទំនិញនាំចូលពីបរទេសជាជំហានៗ។
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប លោក ភឿន គឹមលី បានឱ្យដឹងថា ពិព័រណ៍នៅឆ្នាំនេះ ធ្វើនៅពាក់កណ្ដាលឆ្នាំ គឺលឿនបន្ដិចធៀបនឹងឆ្នាំមុនៗដែលធ្វើនៅចុងឆ្នាំ។
លោកថា ការរៀបចំនេះដោយសារបារម្ភចំពោះបញ្ហាកូវីដ១៩ តែប្រសិនបើឆ្នាំនេះធ្វើទៅល្អប្រសើរជាប្រក្រតី កម្មវិធីឆ្នាំក្រោយៗ នឹងរៀបចំនៅចុងឆ្នាំឡើងវិញ។
លោកបន្តថា ឆ្នាំនេះមានស្ដង់ពិព័រណ៍សរុប ១២៥ស្ដង់ ដោយមានបន្លែ ផ្លែឈើ សិប្បកម្ម ផលិតផលកែច្នៃ សំលៀកបំពាក់ និងមានផលិតផលខ្លះមកពីបណ្ដាខេត្តផ្សេងៗចូលរួមដែរ ក្នុងនោះសៀមរាបមានប្រមាណ ៥០ស្ដង់។ អ្វីដែលពិសេសសម្រាប់ឆ្នាំនេះ គឺការផលិតស្រាស ដែលសហគមន៍ផលិតបានល្អ ក្នុងកម្រិត ៥០ដឺក្រេ។
លោក គឹមលី បន្តទៀតថា៖ «ឆ្នាំនេះបានសាកល្បងការងារបីទៀត ទី១អង្កររបស់សហគមន៍ កន្លងមកគ្មានទេ មានតែការធ្វើម្ហូប ដែលឆ្នាំនេះនៅរក្សាដដែល បន្ថែមអង្ករ ស្ពៃជ្រក់ និងទឹកជ្រលក់ យើងមានគម្រោងប្រកួតប្រជែងនៅឆ្នាំក្រោយ។ ជាកិច្ចការសាកល្បងឆ្នាំនេះ ដើម្បីយកទៅអាប់ដែតឆ្នាំក្រោយ»។
សូមបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ បន្លែ និងផ្លែឈើ លើកទី១៥ នៅខេត្តសៀមរាប រៀបចំរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅបរិវេណសួនច្បារព្រះរាជដំណាក់៕
0 Comment:
Post a Comment