មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានពង្រឹងការអនុវត្តន៍ផែនការ គ្រប់គ្រងនិងប្រើប្រាស់ដីធ្លីយ៉ាងច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលធានាបានលើការជំរុញកំណើនសេដ្ឋកិច្ច ឱកាសការងារជូនប្រជាពលរដ្ឋ។
លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានមានប្រសាសន៍ថា មន្ទីរបាន ខិតខំអនុវត្តផែនការគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ធ្វើយ៉ាងណាដើម្បីអភិវឌ្ឍន៍ ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង ដោយបានសិក្សាអំពីស្ថានភាពបច្ចុប្បន្ននៃក្របខណ្ឌរូបវន្ត សេដ្ឋកិច្ច សង្គម និងបរិស្ថាន តាមរយៈការប្រមូល ទិន្នន័យ សម្រង់ទិន្នន័យ និងការវិភាគទិន្នន័យ ដើម្បីកំណត់សក្តានុពល ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម កាលានុវត្តភាព និងទិសដៅដំណោះស្រាយអំពីរដ្ឋបាលដីធ្លី ។
លោកបានបន្តថា មន្ទីរក៏មានការរៀបចំដែនដី នគរូបនីយកម្ម ការប្រើប្រាស់ដី ការគ្រប់គ្រងនិងការអភិវឌ្ឍន៍វិស័យសំណង់ រួមជាមួយ វិស័យពាក់ព័ន្ធនឹងការគ្រប់គ្រងនិងការប្រើប្រាស់ដីធ្លី ដែលត្រូវធ្វើសមាហរណកម្មជាមួយការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដើម្បីធ្វើការ ព្យាករណ៍សូចនាករគន្លឹះ ក្នុងការសម្រេចចក្ខុវិស័យឆ្នាំ២០៣៨ នៃគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្ត ព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ។
= « គឺយើងក៏បានរៀបចំអភិវឌ្ឍខេត្តព្រះសីហនុនេះ ដោយមានការរៀបចំជាកិច្ចប្រជុំជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុផងដែរ ដែលរាជរដ្ឋាភិបាលបានបង្កើតក្រុមការងារដើម្បីចុះមករៀបចំពាក់ព័ន្ធជាមួយនឹងការងារទាំងនេះ គឺយើងក៏បាន លម្អិតតាំងពីសម្រង់ទិន្នន័យក្បាលដី ទាក់ទងជាមួយនឹងការចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់រដ្ឋ តំបន់ឧស្សាហកម្ម តំបន់ពាណិជ្ជកម្ម ជាដើម ដើម្បីជាសូចនាករមួយឈានទៅដល់ការកំណត់ទិសដៅ ក្នុងការរៀបចំខេត្តព្រះសីហនុឱ្យទៅជាប៉ូលសេដ្ឋកិច្ចគំរូពហុបំណង » ។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៩ដល់ ខែឧសភាឆ្នាំ២០២២ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រះសីហនុ បានវាស់វែងដីធ្លីបានចំនួន ៣០,៣៧១ក្បាលដី វិនិច្ឆ័យបានចំនួន ២៣,៧៣៧ក្បាលដី បញ្ចូលទិន្នន័យបានចំនួន ២១,០០៥ ក្បាលដី គូរក្បាលដី បានចំនួន ២៩,៥៧០ ក្បាលដី បិទផ្សាយនិងបញ្ចប់ការបិទផ្សាយបានចំនួន ១៥ ភូមិ ស្មើនឹង ១៦,៣៦៩ ក្បាលដី ចេញប័ណ្ណបានចំនួន ១១,៥៦៧ ក្បាលដី ៕
0 Comment:
Post a Comment