ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានបញ្ចប់ដោយរលូន ជោគជ័យ សេរី យុត្តិធម៌ មានតម្លាភាព និងគ្មានការលួចបន្លំសន្លឹក ឆ្នោតនោះឡើយ។
ថ្លែងសន្និសីទសារព័តមានផ្សព្វផ្សាយជាមួយភាគីពាក់ ព័ន្ធ សរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នាទីស្តីការ គ.ជ.ប ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង៧ព្រឹក ដោយការិយាល័យបោះឆ្នោតទូទាំងប្រទេស ដែលមានចំនួន២៣.៦០២ ការិយាល័យ បានបើកបម្រើឱ្យការបោះឆ្នោតទាំងអស់ ដោយពុំមានការិយាល័យណាមួយ ដែលពុំបានបើកនោះឡើយ។
ឯកឧត្តម បានបន្តថា ដំណើរការបោះឆ្នោតទោះបីជាមានការរំខានខ្លះ ដែលបង្កឡើងដោយកត្តាអាកាសធាតុយ៉ាងណាក៏ដោយ ក៏បានប្រព្រឹត្តទៅជាប្រក្រតីតាមការគ្រោងទុក។ ឯកឧត្តម បានបន្តទៀតថា បន្ទាប់ពីបិទបញ្ចប់ការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោត បានចាប់ផ្តើមតាមនិតិវិធី ដោយគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត បានបិទផ្សាយភ្លាមផងដែរនៅមុខការិយាល័យនីមួយៗ ហើយភ្នាក់ងារគណៈបក្សនយោបាយ អាចទៅទទួល យក ទម្រង់១១០២ ពីទីស្នាក់ការគណៈកម្មការឃុំសង្កាត់នៅល្ងាចនៃថ្ងៃបោះឆ្នោតបានផងដែរ ។
ឯកឧត្តម បានបញ្ជាក់ថា ដោយសារមានកិច្ចសហការល្អពីសំណាក់យន្តការនិងរចនាសម្ព័ន្ធបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ដំណើរការបោះឆ្នោតរបស់យើងប្រព្រឹត្តទៅដោយជោគជ័យនិងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ មានសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈគ្មានអំពើហិង្សា គ្មានការគំរាមកំហែង។
សំឡេង « នៅមុនថ្ងៃបោះឆ្នោតមានព័ត៌មានបែកធ្លាយអំពីផែនការអុកឡុកការបោះឆ្នោត គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍នៃការបោះ ឆ្នោត និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ចេញនូវសេចក្តីណែនាំស្តីពីការពង្រឹងសន្តិសុខ សុវត្ថិភាព សម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីគ្រប់គ្រងស្ថានការណ៍និងធានាឱ្យការបោះឆ្នោត ដំណើរការរលូនល្អនិងប្រកបដោយសន្តិសុខ និងសុវត្ថិភាព»។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុម ប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ ចូលរួមប្រកួតយកកៅអីតាមរយៈការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋនៅឃុំសង្កាត់ទាំង១.៦៥២ឃុំសង្កាត់នៅទូទាំងប្រទេស សរុប១១.៦២២កៅអី។ យោងតាមប្រតិទិនរបស់ គ.ជ.ប បានឱ្យដឹងថា លទ្ធផលផ្លូវការនៃការបែងចែកអាសនៈនៅតាមឃុំសង្កាត់ នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី២៦ ខែមិថុនា បន្ទាប់ពីការប្រកាសលទ្ធផលបឋមនៅតាមទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា ព្រមទាំងគេហទំព័រគ.ជ.ប និងបណ្តាញសង្គមរបស់គ.ជ.ប ចាប់យប់ថ្ងៃទី៥ ខែមិថុនានេះ៕
0 Comment:
Post a Comment