ចេញផ្សាយដោយ៖ www.kehaktomporknm.com on August 25, 2022
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំដែងការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង និងគាំទ្រគម្រោងបន្តបើកវគ្គបណ្តុះ បណ្តាលវាគ្មិនរបស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដើម្បីបង្កើនការផ្តល់ចំណេះជំនាញនិងវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន។ ការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង និងគាំទ្រគម្រោងបន្តបើកវគ្គបណ្តុះ បណ្តាលរបស់
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើង នៅក្នុងឱកាសទទួលជួបប្រតិភូសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ។ ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារ ព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបញ្ជាក់ថា នៅក្នុងអាណត្តិទី២ ចាប់ពីឆ្នាំ២០១៩-២០២២ ទោះបីសហព័ន្ធក៏ដូចស្ថាប័ននានា ត្រូវជួបប្រឈមនូវស្ថានភាពលំបាកបង្កដោយជំងឺរាតត្បាតសកលកូវីដ-១៩ ប៉ុន្តែសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅបានបន្តធ្វើសកម្មភាពលើ១០គម្រោង ក្នុងនោះរួមមាន៖ ការបណ្តុះបណ្តាលការងារមនុស្សធម៌ ការងារព័ត៌មាននិងការផ្សព្វផ្សាយ ការពិនិត្យឆ្លើយតបរបាយការណ៍បរទេស ការការពារសិទ្ធិអ្នកសារព័ត៌មាន ហើយក្នុងនោះក៏បានជួយអន្តរាគមន៍អ្នកកាសែតសរុប២៣អង្គភាព ស្មើនឹង ៣៣នាក់ ឱ្យរួចផុតពីការ ចោទប្រកាន់ដោយតុលាការនៅក្នុងភូមិសាស្ត្រ៥ រាជធានី -ខេត្ត។
សម្រាប់ទិសដៅការងារបន្តរបស់ សហភាព
សហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់ពីឆ្នាំ២០២២- ២០២៥ ឯកឧត្តម ហ៊ុយ វណ្ណៈ បានលើកឡើងថា ដោយមើលឃើញពីការវិវត្តជឿនលឿនឥតឈប់ឈរនៃបច្ចេកវិទ្យាព័ត៌មានវិទ្យានិងឌីជីថល និងដើម្បីបន្តបេសក កម្មការងាររបស់ខ្លួនប្រកប ដោយភាពរស់រវើក ស្របតាម សភាពការណ៍ជាក់ស្តែងនិងការវិវត្តប្រែប្រួលឥតឈប់ឈរនៃតម្រូវការសង្គមនិងសកល លោក លើវិស័យព័ត៌មាននិងការផ្សព្វផ្សាយ សហព័ន្ធសម្រេចដាក់ចេញទិសដៅការងារលើសំណុំអាទិភាពចំនួន៣ធំគឺ៖ សារព័ត៌មានអាជីព ការផ្សព្វផ្សាយមហាជនតាមបណ្តាញសង្គម និងការងារសាធារណមតិ។ ជាមួយគ្នានេះ សហព័ន្ធគ្រោងបើកវគ្គបណ្តុះបណ្តាលលើចំណេះដឹងជាអាទិភាព៥គឺ៖ មូលដ្ឋានគ្រឹះសារព័ត៌មាន ការដឹកនាំវិស័យសារព័ត៌មាន កិច្ចការអ្នកនាំពាក្យ កិច្ចការសាធារណៈ និងការបណ្តុះ បណ្តាលវាគ្មិន។
ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ សហភាពសហព័ន្ធអ្នកសារ ព័ត៌មានកម្ពុជា រួមជាមួយសមាគមកាសែតជាង ៥០នៅកម្ពុជា នៅក្នុងការងារព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា។ ឯកឧត្តម គាំទ្រដល់គម្រោងបន្តបើកវគ្គបណ្តុះបណ្តាលវាគ្មិន ហើយក៏ដូចជាជួយចែករំលែកដល់អ្នកកាសែតពីការវិវត្តន៍ជឿនលឿននៃបច្ចេក វិទ្យាព័ត៌មានវិទ្យា និងឌីជីថល ។
ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា និន្នាការហ្វេស ប៊ុកហាក់ក្លាយទៅជាបែបពាក់ កណ្តាលបុរាណសម័យ ខណៈនិន្នាការ TikTok ហាក់ក្លាយជាទីពេញនិយម ជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គម។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនពីភាពចាំបាច់ក្នុងការបន្តរួមចំណែកពង្រឹង «ក្រមសីលធម៌វិជ្ជាជីវៈអ្នកកាសែត» ផងដែរ ដោយស្នើឱ្យសហព័ន្ធពិចារណារកវិធីក្នុងការរួមគ្នាបង្កើតនូវក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ដើម្បីជួយដាស់តឿន តម្រង់ទិស និងដើម្បីកាត់បន្ថយលុបបំបាត់ឱ្យបាននូវការប្រើប្រាស់តួនាទីកាសែតមិនសមរម្យ ឬដូចករណីជេរប្រមាថដែលបានកើតមានកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា «ក្រមសីលធម៌ គឺជាអាវក្រោះរបស់អ្នកកាសែត»៕
0 Comment:
Post a Comment