ចេញផ្សាយដោយ៖ www.kehaktomporknm.com on August 06, 2022
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំឱ្យ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវមានអ្នកនាំពាក្យ ដើម្បីងាយស្រួលផ្ដល់ព័ត៌មាន និងពន្យល់ភាសាងាយៗ ទាក់ទងនឹងផ្នែកនេះ ដល់អ្នកសារព័ត៌មាន ដែលផលិតព័ត៌មានបានច្បាស់លាស់គ្រប់ជ្រុងជ្រោយសម្រាប់ផ្សព្វផ្សាយដល់សាធារណជន។ ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងដូច្នេះ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ដល់អ្នកសារព័ត៌មាន និងពិធីចែកវិញ្ញាបនបត្រជូនសិក្ខាកាម ដែល បានចូលរួមវគ្គបណ្ដុះបណ្ដាល លើមូលដ្ឋានគ្រឹះនៃវិស័យធនា គារ និងហិរញ្ញវត្ថុនៅកម្ពុជា នារសៀលថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ ហើយបានអះអាងថា ការមានអ្នកនាំពាក្យប្រចាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ខាងធនាគារនិងហិរញ្ញវត្ថុ ក៏មានភាពងាយ ស្រួលដែរ ដើម្បីដោះស្រាយចម្ងល់ និងនៅពេលមានបញ្ហាអ្វីមួយអាចប្រាប់អ្នកនាំពាក្យដើម្បីឱ្យគាត់អាចពន្យល់ទៅអ្នកសារព័ត៌មានដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងការកោតសរសើរចំពោះការផ្ដួចផ្ដើមគំនិតរៀបចំការប្រកួតប្រជែងសរសេរអត្ថបទព័ត៌មាន ទាក់ទងវិស័យធនាគារ និងហិរញ្ញវត្ថុនេះ ហើយសង្ឃឹមថានឹងមានជាបន្ដបន្ទាប់ទៀត ព្រោះការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានមានសារៈសំខាន់ណាស់ ដើម្បីបង្កើនទំនុកចិត្តសាធារណជន ទៅលើការងារធនាគារ ហើយចំពោះធនាគារ ការជឿ និងមានទំនុកចិត្តរបស់ប្រជាពលរដ្ឋ គឺជាមូលដ្ឋានដ៏ធំនៃសកម្មភាព និងការរស់រានមានជីវិតរបស់ធនាគារ។ សូមបញ្ជាក់ថា បច្ចុប្បន្នវិស័យធនាគារ និងហិរញ្ញវត្ថុ កំពុងមានការរីកចម្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈផ្តល់កម្ចីធ្វើដើមទុន និង បញ្ញើប្រាក់ ជាដើម៕
0 Comment:
Post a Comment