ចេញផ្សាយដោយ៖ www.kehaktomporknm.com on August 26, 2022
ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែសីហានេះ បានទទួលជួបពិភាក្សាការងារជាមួយលោក Rho Hyun jun នាយកប្រចាំប្រទេស នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(Koica) ដោយផ្តោតសំខាន់ទៅលើការស្នើសុំគម្រោងលើកកម្ពស់សេវាសុខាភិបាលសាធារណៈនៅមន្ទីរពេទ្យបង្អែកដង្កោរាជធានីភ្នំពេញ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងការ ប្រើប្រាស់សេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរនិងប្រកបដោយប្រសិទ្ធភាព។
គម្រោងលើកកម្ពស់សេវាសុខាភិបាលសាធារណៈនៅមន្ទីរពេទ្យបង្អែកដង្កោរាជធានីភ្នំពេញនេះ ត្រូវបាន រដ្ឋបាលរាជធានីភ្នំពេញដាក់ឯកសារបន្ថែមទៅកាន់ទីភ្នាក់ងារKOICA កាលពី ថ្ងៃទី១៧សីហា ឆ្នាំ២០២២ បន្ទាប់ ពីគម្រោងជ្រើសរើសជាគម្រោងអាទិភាពក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ឆ្នាំ២០២៤ដើម្បីឱ្យមន្ទីរពេទ្យនេះអាចមានសមត្ថភាពកាន់តែប្រសើរ និងអាចឆ្លើយ តបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់កាន់តែពេញលេញ។ ឯកឧត្តមឃួង ស្រេងបានថ្លែងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋកូរ៉េ តាមរយៈស្ថានទូតកូរ៉េ និងទីភ្នាក់ងារKoica កូរ៉េដែលបានជួយដល់ការអភិវឌ្ឍន៍កម្ពុជា ដោយឡែកការអភិវឌ្ឍន៏នៅរាជធានីភ្នំពេញអស់រយៈពេលជាង៣០ឆ្នាំ កន្លងមកហើយ លើវិស័យទឹកស្អាត,សុខាភិបាល,ការបណ្តុះបណ្តាលវិជ្ជាជីវៈ , ការងារចរាចរជាដើមដែល
កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េបានឈានដល់ការ អភិវឌ្ឍន៍នៅរាជធានីភ្នំពេញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្ដមបន្ថែមទៀតថា ជាការពិតណាស់ម្ចាស់ជំនួយតែងចង់ឱ្យអ្នកទទួលជំនួយអាចងើបឈរឡើងដោយខ្លួនឯង។ដូច្នេះយើងមិនធ្វើឱ្យម្ចាស់ជំនួយខកចិត្តទេ។ លោកRho Hyun jun បានសម្តែងមោទនភាពក្នុងពេលដែលលោកបានបំពេញបេសកកម្មនៅរាជធានីភ្នំពេញរយៈពេល៣ឆ្នាំកន្លងមក គឺមានភាពកក់ក្តៅណាស់ទោះបីស្ថិតក្នុងបរិបទជំងឺកូវីដ ១៩ក្តី។ សូមបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ គយការ បានធ្វើសកម្មភាពជួយដល់ប្រទេសនានាចំនួន២៧ប្រទេស ហើយកម្ពុជាជាប្រទេស អាទិភាពទាំង៦នៅអាស៊ី ដែលគយ ការ ចាត់ទុកជាគោលដៅអាទិភាពក្នុងការអភិវឌ្ឍន៍៕
0 Comment:
Post a Comment