ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ព្រមានដកតំណែងអភិបាលរាជធានី-ខេត្តណា ដែលបណ្តែត បណ្តោយឱ្យមានល្បែងស៊ីសងខុសច្បាប់កើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលបង្កផលប៉ះ ពាល់ដល់សន្តិសុខនិងសណ្តាប់ធ្នាប់សង្គម។
ថ្លែងសារសំឡេង នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យអភិបាលរាជធានី ខេត្ត ត្រូវបង្រ្កាបល្បែងខុសច្បាប់គ្រប់ប្រភេទនៅមូលដ្ឋានរបស់ខ្លួន។ សម្តេចតេជោថ្លែងថា គ្រប់ តំបន់លេងល្បែងស៊ីសង វាមិនបានដាក់តាំងនៅលើមេឃឬដាក់តាំងនៅទីកន្លែងណាផ្សេង ក្រៅពីទីតាំងនៅក្នុងខេត្ត ស្រុក ឃុំ ភូមិនោះឡើយ ដូច្នោះវាស្ទើរតែមិនមានការចាំបាច់ ដើម្បីឱ្យមានការអន្តរាគមន៍ពីថ្នាក់ជាតិនោះទេ ប្រសិនបើឯកឧត្តម លោក ជំទាវ ជាអភិបាលរាជធានីខេត្តយកការទទួល ខុសត្រូវ ដើម្បីបញ្ចេញកម្លាំងបង្ក្រាបទៅលើមណ្ឌលដែលប្រព្រឹត្តលេងល្បែងស៊ីសងទាំងនោះ ព្រោះក្រុមការងាររបស់ថ្នាក់ជាតិមិនអាចទៅគ្រប់ទីកន្លែងបាននោះទេ បើទោះបីជាចាត់ តាំង១០០ក្រុមថែមទៀត ក៏មិនគ្រប់ដែរ ដូច្នេះបញ្ហានេះធ្វើ បានឬមិនបាន គឺឋិតនៅលើមន្ត្រីមូលដ្ឋាន និងប៉ុសិ៍្តនគរបាល នៅតាមភូមិ ស្រុក ខេត្ត ក្រុងនីមួយៗ។ សម្តេចតេជោបន្ថែមថា ល្បែងស៊ីសងខុសច្បាប់ទាំងនោះ ភាគច្រើនបានបង្កប់នៅក្នុងហាងកាហ្វេ ឬហាងគុទាវមាន ដូចជាល្បែងភ្នាល់មាន់ជល់ ល្បែងជល់មាន់តាមអនឡាញ ដែលធ្វើឱ្យយុវជននិងមនុស្ស មួយ ចំនួនញៀននឹងល្បែងលក់គោក្របីឬលក់ដីធ្លី នឹងឈានរហូតមានអំពើឆក់ប្លន់ក្នុងមូលដ្ឋានជាដើម។
ដូចហេតុនេះ សម្តេចតេជោបានចេញបញ្ជាយ៉ាងដាច់ណាត់ឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេស មន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព។ ក្នុងនោះសម្តេតេជោ ក៏បានព្រមានដកអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណាដែលមិនទទួលខុសត្រូវលើតួនាទីបណ្តោយឱ្យល្បែងស៊ី សងរីកសាយភាយក្នុងមូល ដ្ឋានរបស់ខ្លួន។
« គណៈអភិបាល ខេត្ត គណៈអភិបាលស្រុក ខណ្ឌ ក្រុង យកការទទួល ខុសត្រូវ ដើម្បីពិនិត្យមើលអំពីបញ្ហានេះ ហើយត្រូវធ្វើឱ្យច្បាស់ ត្រូវធ្វើឱ្យដិតដល់ នៅ ក្នុងសេចក្ដីសម្រេច ក៏បានបញ្ជាក់ថា ត្រូវរាយការណ៍ជូនទៅសម្ដេចក្រឡា ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជ្រាបនិងស្នើសុំមតិដឹកនាំបន្ត។ រឿងនេះគឺជាកិច្ចការរបស់ថ្នាក់ជាតិ ដែលចេញជាគណៈកម្មការបង្ក្រាប ល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទ ក៏ប៉ុន្តែខ្ញុំគិតថាកម្លាំងមូលដ្ឋានគ្រប់ គឺគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការនេះ មុនពេលដែលក្រុមការងារចុះទៅដល់។ បញ្ហាស្ថិតនៅត្រង់ថា អស់លោកធ្វើ ឬក៏មិនធ្វើ ហើយ សូមបញ្ជាក់សាជា ថ្មីថា ខ្ញុំមិនញញើតដៃ ជាមួយ នឹងការដកចោលចេញពីមុខតំណែង ជាមួយអភិបាល ខេត្ត ឬអភិបាលរងខេត្ត ឬអភិបាលស្រុក ឬក៏ឋានៈនាយទាហាន និងនគរបាលអាវុធហត្ថ ប្រើចាប់ពីស័ក្តិ ៥ ឡើងលើ ខ្ញុំនឹងចេញអនុក្រឹត្យដើម្បីបញ្ចប់ភារកិច្ចចោលតែម្ដង ។ ខ្ញុំគិតថាកន្លែងលេងល្បែងមួយចំនួន មិន មែនមន្ត្រីមូលដ្ឋានមិនដឹងនោះទេ ទាំងកម្លាំងនគរបាល ឬអាវុធហត្ថឬមន្ត្រីរដ្ឋបាលរបស់យើង ក៏ប៉ុន្តែ រឿងនៅត្រង់ថា អស់លោកមានឆន្ទៈ ធ្វើឬមិនធ្វើឬក៏ករណីនោះ ជាទីកន្លែងនៃការរកប្រាក់របស់អស់ លោក នេះជាចំណុចដែលខ្ញុំត្រូវនិយាយត្រង់ៗជាមួយអស់លោក។»
ក្នុងនោះ សម្តេចតេជោហ៊ុនសែន ក៏បានបញ្ជាឱ្យបិទរាល់ហាងកាហ្វេ ហាងគុយទាវ និងគ្រប់ទីតាំងទាំងអស់ ដែលបើកឱ្យមានលេងល្បែងស៊ីសង។ សម្តេចតេជោ ក៏បានអំពាវនាវទៅកាន់អ្នកធ្វើអាជីវកម្ម ទាំងឡាយ បើមិនចង់ឱ្យអាជីវកម្មរបស់ខ្លួន ត្រូវបិទទ្វារទេនោះ ត្រូវដកខ្លួនចេញជាបន្ទាន់ពីល្បែង ស៊ីសង ខុសច្បាប់។ សម្តេចបញ្ជាក់ថា ការធ្វើបែបនេះដើម្បីនាំមកនូវសេចក្តីសុខ សុភមង្គលជូនប្រជាពលរដ្ឋ និងបញ្ចៀសកុំឱ្យមានចោរឆក់ ចោរប្លន់ ក្នុងសង្គមដោយសារ តែល្បែងស៊ីសង។
ទន្ទឹមនឹងនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា មុខសញ្ញាល្បែងដែលត្រូវបង្ក្រាបគឺរាប់ ទាំងឆ្នោតឡូតូនិងកន្ទុយលេខផងដែរ៕
0 Comment:
Post a Comment