សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បង្ហាញមហិច្ឆតាបង្កើនកិច្ចប្រឹងប្រែងឱ្យបាន កាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការបោសសំអាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់ពីសង្គ្រាមស៉ីវិល ឱ្យរួចរាល់ទាំងស្រុងនៅទូទាំងប្រទេសយ៉ាងយូរបំផុត នៅត្រឹមឆ្នាំ២០២៥។
ការលើកឡើងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធបិតីភាពពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីនមនុស្សធម៌ ប្រគល់អធ្យោបាយសម្ភារៈ បោសសំអាតទ័ពជូនកងអនុសនាតូចបោសសំអាតមីន ចំនួន៩កង ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក និងពិធីបើកវហ្វឹកហ្វឺនជំនាញស្ពានបណ្តែតទឹកដល់កងកម្លាំងមួកខៀវ ត្រៀមចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ នៅវិទ្យាស្ថានហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នាឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានទាមទារឱ្យមានការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការក្សាឱ្យបាននូវនិរន្តភាពគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាល និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលនៅសេសសល់ក្នុងរយៈពេលវែង។
បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីនមនុស្សធម៌ន ពិតជាមានសារៈសំខាន់ណាស់ ក្នុងការអនុវត្តនូវឆន្ទៈប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលបង្កឡើង ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម តាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា «២០១៦-២០៣០» ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ «២០១៩-២០២៣» យុទ្ធសាស្ត្រចតុកោណដំណាក់ការទី៤ «២០១៨-២០២៣» និងផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន «២០១៨-២០២៥»។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានចាត់ទុកកេរ្តិ៍តំណែលគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅកម្ពុជាត្រូវបានសង្គ្រាមរាប់ទសវត្សរ៍ និងជម្លោះផ្ទៃ ក្នុងបន្សល់ទុក ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះច្រើន។
ជាមួយគ្នានេះដែរ សម្តេចបានលើកឡើងថា ចាប់តាំងពីកម្ពុជាចាប់ផ្តើមស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិឡើងវិញ រាជរដ្ឋាភិបាលបានកំណត់យកសកម្មភាពកំចាត់មីនជាផ្នែកមួយដ៏សំខាន់នៃការរៀបចំផែនការ និងយុទ្ធសាស្រ្តអភិវឌ្ឍ ហើយបានចាត់ទុកវិស័យសកម្មភាពកំចាត់មីន ជាគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងបញ្ហាពីរវិស័យនេះ គឺជាធាតុមួយដ៏សំខាន់ក្នុងយុទ្ធសាស្ត្រចតុកោណរបស់ខ្លួន និងជាសមាសធាតុមួយយ៉ាងសំខាន់ នៃដែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ។ ជាក់ស្តែង ជារៀងរាល់ឆ្នាំនៅថ្ងៃទី២៤ ខែកុម្ភៈ រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រារព្ធទិវាជាការយល់ដឹងអំពីមីន ដើម្បីរំលឹកប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់បង្កឡើងដោយសារគ្រាប់។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលបង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយចង់ទុកសកម្មភាពមីនជាអាទិភាពមួយដ៏សំខាន់ក្នុងគោលដៅអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ។ ជាក់ស្ដែងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន «២០១៨-២០២៥» បានឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងឡាយដែលតម្រូវឱ្យរាជរដ្ឋាភិបាលត្រូវដោះស្រាយ ដើម្បីអភិវឌ្ឍ និងផ្តល់សុវត្ថិភាពដល់ប្រជាជនគ្រប់រូប។ ការកសាងផែនការយុទ្ធសាស្ត្រ គឺផ្អែកលើយុទ្ធសាស្ត្រដែលមានពីមុនក៏ដូចជាចំណេះដឹងនឹងបទពិសោធន៍ ដែលកម្ពុជាបទឆ្លងកាត់រយៈពេលកន្លងទៅ «១៩៩២-២០២២» លើការងារបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានឱ្យដឹងថា វគ្គហ្វឹកហ្វឺនបោសសំអាតមីនមនុស្សធម៌ ដែលបិទបញ្ចប់បានចាប់ផ្តើមឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដល់កងអនុសេនាតូចបោសសំអាតមីនចំនួន៩កង សរុបចំនួន ២៣៤នាក់។
នាយឧត្តមសេនីយ៍ បានបន្តថា កងកម្លាំងជំនាញទាំងនោះមកពីអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមភូមិន្ទរួមមាន៖ បញ្ជាកដ្ឋានវិស្វកម្ម, បញ្ជាការដ្ឋានកាំភ្លើងធំ, បញ្ជាការដ្ឋានរថក្រោះ, បញ្ជាការដ្ឋានទ័ពពិសេស, កងពលតូចអន្តរាគមន៍លេខ៧០, កងពលតូចអន្តរាគមន៍លេខ១៤, កងពលតូចអន្តរាគមន៍លេខ១ យោធភូមិភាគទី៣ និងទី៥។ ការហ្វឹកហ្វឺន គូបផ្សំនឹងការបំពាក់មធ្យោបាយសម្ភារៈ កងអនុសេនាតូចបោសសំអាតមីនទាំង៩កង មាន សមត្ថភាព អាចចេញប្រតិបត្តិការបានភ្លាមៗនៅពេលមានបទបញ្ញា។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនជំពេញបោសសំអាតមីនមនុស្សធម៌ ដល់កងអនុសេនាតូចទាំង៩ ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក បូករួមទាំងមធ្យោបាយសម្ភរៈបានមកដោយសារតែខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ក្នុងការកៀរគរថវិកាពីសប្បុរសជនដើម្បីភូមិ-ឃុំ មានសុវត្ថិភាព។
ខណៈពេលដែលវគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីនត្រូវបានបិទបញ្ចប់ មជ្ឈមណ្ឌលជាតិក៏បានរៀបចំវត្តហ្វឹកហ្វឺនជំនាញស្ពានបណ្តែតទឹក ដល់កងកម្លាំងរក្សាសន្តិភាពសម្រាប់បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល តាមការស្នើសុំពីអង្គការសហប្រជាជាតិកាលពីឆ្នាំ២០២១។
ការហ្វឹកហ្វឺនជំនាញស្ពានបណ្តែតទឹកនាពេលនេះ គឺឆ្លុះបញ្ចាំងពីការវិវឌ្ឍន៍ទៅមុខជាវិជ្ជមានសំដៅបង្កើនចំណេះជំនាញកម្លាំងមួកខៀវ ឱ្យក្លាយជាកម្លាំងពហុជំនាញ ដើម្បីអាចអនុវត្តភារកិច្ចក្នុងគ្រប់ស្ថានការណ៍ក្នុងតំបន់បេសកកម្មពិសេសក្នុងតំបន់បេសកកម្ម ដែលហេដ្ឋារចនាសម្ព័ន្ធស្ទើរតែពុំមាន។ ការហ្វឹកហ្វឺនពង្រីកជំនាញនេះទៀតសោត ក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មហាសន្និបាត អ.ស.ប. ក្នុងការបន្តចូលរួមសកអរក្សាសន្តិភាព ជាមួយបណ្តាប្រទេសតូច-ធំ ដើម្បីបុព្វហេតុសន្តិភាព៕
0 Comment:
Post a Comment