ចេញផ្សាយដោយ៖ www.kehaktomporknm.com on October 26, 2022
ភ្នំពេញ: ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច ក្នុងជួរគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងម៉ឺងម៉ាត់លើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ ហើយក៏ដើម្បីជាការលើកកម្ពស់សោភណភាពរាជធានី
ភ្នំពេញ ឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញផងដែរ។
ការជំរុញបែបនេះបានធ្វើឡើង នៅរសៀលថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវនេះ ត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីសម្រួលដល់ការធ្វើចរាចរជូនប្រជាពលរដ្ឋ និងដើម្បីលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗ នៅឆ្នាំ២០២២នេះ ។
ឯកឧត្តម ឃួង ស្រេង បានបន្តថា កំណាត់ផ្លូវជាតិមួយចំនួននៅជាយក្រុង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានរថយន្តកុងតឺន័រចតលើទ្រូវផ្លូវ រាប់រយគ្រឿងបណ្តាល ឱ្យមានការកកស្ទះចរាចរ និងខូចផ្លូវថែមទៀតផង។ ការចតបែបអនាធិបតេយ្យនេះ មិនអាចទទួលយកបានទេ ក្នុងនាមអាជ្ញាធររាជធានី ជាអាណាព្យាបាលប្រជាពលរដ្ឋ ត្រូវតែដោះស្រាយ ដើម្បីសម្រួលចរាចរជូនប្រពលរដ្ឋ ។
បញ្ជានេះអាជ្ញាធរខណ្ឌ និងស្នងការរងទទួលបន្ទុក ត្រូវមានវិធានការដោះស្រាយ មិនអាចនៅបែបនេះទៀតទេ។ ឯកឧត្តម អភិបាលរាជធានី បានបន្តទៀតថា បញ្ហាសណ្តាប់សាធារណៈនេះត្រូវតែម៉ឺងម៉ាត់ ដើម្បីបម្រើផលប្រយោជន៍ប្រជាជនភាគច្រើន មិនអាចឱ្យពួកគាត់រកស៊ីដោយការរំលោភយកទ្រូងផ្លូវ និងចិញ្ចើមផ្លូវនោះទេ។
បន្ថែមពីនេះទៀត ឯកឧត្តម ឃួង ស្រេង បានស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជានគរបាលចរាចរ និងមន្ទីរពាក់ព័ន្ធ ត្រូវរួមគ្នាមើលផ្លូវ មើលភាពកកស្ទះ ហើយស្នើមករដ្ឋបាលរាជធានីភ្នំពេញដើម្បីដោះស្រាយ ទាំងការកែសម្រួលផ្លូវ ក៏ដូចជាការស្នើសុំធ្វើស្ពានអាកាស ដើម្បីសម្រួលចរាចរជាដើម ៕ដោយសួស សំរិត សម្រួលផ្សាយដោយ៖dara
0 Comment:
Post a Comment