(ព្រៃវែង)៖ លោក យូ សិរីវុឌ្ឍ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង នៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋក្នុងឃុំរកា ដើម្បីស្តាប់កង្វល់ និងការលើកឡើងនូវសំណូមពរនានារបស់ប្រជាពលរដ្ឋ។
តាមរយៈវេទិកាសាធារណៈប្រជាពលរដ្ឋត្រូវបានបើកទូលាយឱ្យលើកឡើងនូវកង្វល់នានានៅក្នុងមូលដ្ឋាន និងជីវភាពប្រចាំថ្ងៃ។ ប្រជាពលរដ្ឋដែលចូលរួមក្នុងវេទិកា ក៏បានលើកឡើងនូវសំណូមពរមួយចំនួនពាក់ព័ន្ធការធ្វើផ្លូវ សាលារៀន និងការផ្តល់សេវាផ្សេងៗ។
ក្រោយស្តាប់នូវបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋហើយនោះ លោក យូ សិរីវុឌ្ឍ បានប្រកាសខិតខំដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពររបស់ពួកគាត់។
ក្រៅតែពីប្រកាសជួយដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋហើយនោះ លោក យូ សិរីវុឌ្ឍ ក៏បានលើកបង្ហាញនូវគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា។ លោកបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយតែមួយគត់ ដែលបានដឹកនាំកសាងសង្គមកម្ពុជាឱ្យរីកចម្រើនក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧ មករា ១៩៧៩។ លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ក៏ជាគណបក្សនយោបាយតែមួយគត់ ដែលបានប្រឹងប្រែងក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
លោក យូ សិរីវុឌ្ឍ បានបញ្ជាក់ដូច្នេះ «ប្រទេសកម្ពុជា មានគណបក្សនយោបាយច្រើនកំពុងធ្វើសកម្មភាពនយោបាយតាមរបបប្រជាធិបតេយ្យ។ ប៉ុន្តែគណបក្សដែលប្រជាជនអាចពឹងពាក់ និងតែងតែជួយពលរដ្ឋគ្រប់កាលៈទេសៈ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ។ មន្ត្រីគណបក្សប្រជាជនកម្ពុជាតែងតែដោះស្រាយ និងបម្រើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម តែងតែតម្កល់ប្រជាពលរដ្ឋជាធំ»។
ឈរលើហេតុផលនេះ លោក យូ សិរីវុឌ្ឍ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលគាំទ្រគណបក្សនយោបាយដទៃភ្ញាក់រលឹក និងងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជា។ មានតែគណបក្សប្រជាជនកម្ពុជា ដែលបម្រើប្រជាពលរដ្ឋយ៉ាងពិតប្រាកដ រួមសុខរួមទុក្ខ និងតែងដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ។
ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំរការរូបនេះ បានសង្កត់ធ្ងន់ថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតឱ្យខ្លួនឯង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានាបានថា ប្រជាពលរដ្ឋរស់នៅបានសុខសាន្ត និងសុខសុភមង្គលជារៀងរហូត៕
0 Comment:
Post a Comment