ចេញផ្សាយដោយ៖ www.kehaktomporknm.com on November 22, 2022
ការអំពាវនាវរបស់ឯកឧត្តម ហង់ ជួនណារ៉ុន ធ្វើឡើងនៅសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២» នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តមមានប្រសាសន៍ថា «សូមអំពាវនាវឱ្យសណ្ឋាគារ ក៏ដូចកន្លែងស្នាក់នៅភោជនីយដ្ឋាន និងកន្លែងលក់អាហារផ្សេងៗជួយសម្រួលដល់បេក្ខជនដែលមកពីតាមស្រុក ពីតាមឃុំ ដែលត្រូវមកប្រឡងនៅទីរួមខេត្ត ក៏ដូចជាទីរួមស្រុកមួយចំនួន ដើម្បីធានានូវសុវត្ថិភាព និងផ្លូវនូវភាពងាយស្រួលក្នុងការស្នាក់នៅ និងហូបចុករបស់បេក្ខជនដែលមកប្រឡងផងដែរ»។
ឯកឧត្តមបានផ្តាំផ្ញើដល់សិស្សដែលជាបេក្ខជនប្រឡងទាំងអស់ ត្រូវទទួលទានអាហារ និងដំណេកឱ្យបានគ្រប់គ្រាន់ និងកាត់បន្ថយអារម្មណ៍ធុញថប់ និងតានតឹង ដើម្បីកុំឱ្យប៉ះពាល់សុខភាពពេលប្រឡង។
ទន្ទឹមគ្នានេះ ឯកឧត្តមថែមទាំងអំពាវនាវដល់ អាជ្ញាធរពាក់ ជួយសម្រួលចរាចរណ៍នៅតាមដងផ្លូវសម្រាប់បេក្ខជនដែលមកប្រឡងផងដែរ។ ដោយឡែកចំពោះសិស្សដែលត្រូវធ្វើដំណើរមកប្រឡងតាមផ្លូវទឹក សូមឱ្យសិស្ស ក៏ដូចជាអាណាព្យាបាល មុននឹងឆ្លងត្រូវពិនិត្យទូកឱ្យបានច្បាស់លាស់ ដែលអាចទុកចិត្តបាន បើសិននេះជាចាំបាច់ សម្រាប់អ្នកមិនចេះហែលទឹកត្រូវពាក់អាវប៉ោងការពារសុវត្ថិភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមចំណែកក្នុងការផ្តល់នូវទីកន្លែងស្នាក់នៅ នៅតាមបណ្តាទីរួមខេត្ត និងទីរួមស្រុកមួយចំនួន និងកន្លែងផ្ញើកង់ម៉ូតូ នៅក្រៅមណ្ឌលប្រឡង និងតួអង្គសំខាន់ៗ នៅក្នុងដំណើរការអង្កេតការណ៍នៃការប្រឡង ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ ជំនួយការអប្បប្រមាទ ដែលបានចូលរួមចំណែកក្នុងការធានាបានឱ្យការប្រឡងនេះប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រឡងសរុបចំនួន ១២៨ ១៣៤ នាក់ និងមានមណ្ឌលប្រឡងចំនួន ២២១ ត្រូវជា ៥ ២២៧បន្ទប់៕
0 Comment:
Post a Comment