(កំពង់ស្ពឺ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព និងផ្ដល់បទឧទេ្ទសនាម ជូនដល់នាយទាហាន យោធាចារ្យ និងនិស្សិតនាយទាហានសកម្ម នៅសាលានាយទាហានសកម្ម ស្ថិតនៅភូមិពោធិ ឃុំដំណាក់រាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
ពិធីនេះមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម យោធាចារ្យ នាយគ្រូ សិក្ខាកាមមកពីវៀតណាម និងនិស្សិតនាយទាហានសកម្មជំនាន់ទី ២៣-២៤ ប្រមាណ ៥០០នាក់ផងដែរ។
នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានធ្វេីបទឧទ្ទេសនាមស្ដីពី រចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ការធ្វេីកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឱ្យប្រព័ន្ធការងារថ្មីមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបចេ្ចកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធិភាពការងារ។ បន្ថែមពីនេះទៀតលោក ក៏បានជម្រាបជូនពីការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ និងការបណ្ដុះបណ្តាលធនធានមនុស្សដើម្បីជំរុញបរិវត្តកម្មឌីជីថលស្របតាមទិលដៅគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥។
សូមបញ្ជាក់ដែរថានាឪកាសនោះលោករដ្ឋមន្ត្រី ក៏បានផ្ដល់ថវិកា និងអគារមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍មួយខ្នង ជូនដល់សាលានាយទាហានសកម្ម ដេីម្បីជំរុញការអភិវឌ្ឍជំនាញនិងការបង្កេីនសមត្ថភាពផ្នែកឌីជីថលដល់នាយទាហានផងដែរ៕
0 Comment:
Post a Comment