ចេញផ្សាយដោយ៖ www.kehaktomporknm.com on November 25, 2022
ភ្នំពេញ :ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា ការ ប្រកួតកីឡារាំត្រូវបានក្រសួងអប់រំ យុវជន និងកីឡាដាក់បញ្ជូលក្នុងការ ប្រកួតកីឡា
ជាតិ លើកទី៣ ដោយកីឡាជាតិនេះមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកសាងសមត្ថភាពទេពកោសល្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករ កីឡាការិនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេច ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។
នេះជាប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជាមួយលោកជំទាវ ក្នុងពិធីបិទការប្រកួតកីឡារាំនៃកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាល CJCC រាជធានីភ្នំពេញ។ ឯកឧត្តម ខៀវ កាញារីទ្ធ គូសបញ្ជាក់ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការ រីក ចម្រើនបានធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុកថា ការងារអប់រំកាយ និងកីឡាបានដើរតួ
នាទីយ៉ាងសំខាន់ និងជាយាន្តក្នុងការអភិវឌ្ឍសង្គម ពីព្រោះកីឡាកសាងមនុស្ស មនុស្សកសាងសង្គម។ ឯកឧត្តមបន្តថា អនុវត្តន៍តាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដោយឈរលើមូលដ្ឋានយុទ្ធ
សាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិ និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងបរិបទនៃការរីកចម្រើនកីឡានៅក្នុងតំបន់ក៏ដូចជាអន្តរជាតិ ជាពិសេសការត្រៀមលក្ខណៈសម្បត្តិ ត្រៀមសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ដើម្បីឱ្យការធ្វើកំណែទម្រង់នេះទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរដល់អង្គការរដ្ឋកីឡា និងអង្គការសង្គមកីឡាឱ្យខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដោយយកអស់ស្មារតី កម្លាំងកាយ និងលទ្ធភាពបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ប្រកបដោយ
ការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានោះ ឯកឧត្តមក៏បានអំពាវនាវ ដល់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងប្រជាជនចូលរួមឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារ ថវិកា ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិយើង ក្រោមពាក្យស្លោក រួមគ្នាធ្វើអ្វីៗទាំងអស់គ្នា ដើម្បីកីឡាឆ្ពោះទៅ ជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៣។ បើតាមការបញ្ជាក់ពីលោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំងកម្ពុជាមានប្រសាសន៍ដែរថា ការប្រកួតកីឡារាំងនេះមានប្រតិភូកីឡាករ កីឡាការិនីសរុប៣៩នាក់
មកពី៤ក្រសួង-ខេត្ត ដោយប្រកួតលើវិញ្ញាសាចំនួន៤ គឺវិញ្ញាសារាំគូ Latin 5 Dance (កម្រិត A), វិញ្ញារាំគូ Standard 5 Dance (កម្រិត A), វិញ្ញាសា Breaking Dance B Boy 1 និងវិញ្ញាសា Breaking Dance B Girl 1។ ការរៀបចំប្រកួតកីឡារាំនៃកីឡាជាតិ លើកទី៣នេះ គឺធ្វើឡើងក្នុងគោលបំណង ត្រៀមលក្ខណៈចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងធ្វើការផ្សព្វផ្សាយ ដើម្បីអភិវឌ្ឍន៍កីឡារាំកម្ពុជាឱ្យដូចបណ្តាលប្រទេសនានា បង្កើតឱកាសឲ្យយុវវ័យបង្ហាញនូវជំនាញរាំអន្តរជាតិពិតប្រាកដ និងជំរុញលើកទឹកចិត្តឱ្យយុវវ័យចេះហ្វឹកហាត់ជាក្រុម ដើម្បីបញ្ចេញភាពស្រស់ស្អាត និងជំនាញរាំទំនើបទាន់សម័យ។ តាមរយៈព្រឹត្តិការណ៍កីឡាជាតិនេះ ក៏បានដុសខាត់សមត្ថភាពមន្ត្រីរៀបចំបច្ចេកទេសឱ្យកាន់តែល្អប្រសើរ ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ ព្រះរាជាណាចក្រកម្ពុជាផងដែរ៕ ដោយ៖ ហេង ណាលីន
0 Comment:
Post a Comment