រាជធានីភ្នំពេញ :ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានជួបសំណេះសំណាលជាមួយ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងក្មួយៗនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ឆ្លៀតនឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានផ្តាំផ្ញើ សារ៣ចំណុចសំខាន់ៗ សម្រាប់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងក្មួយៗនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
សារ៣ចំណុចសំខាន់ៗខាងលើរួមមាន៖ ១. សាកលវិទ្យាល័យ គឺជាកន្លែងផ្តល់កិត្តិយស កិត្តិស័ព្ទ មោទនភាព និងទំនុកចិត្ត ដល់សាស្ត្រាចារ្យ និងនិស្សិត។ កេរ្តិ៍ឈ្មោះល្អ កើតចេញពី ការខិតខំចូលរួមកសាងទាំងអស់គ្នាឥតឈប់ឈរ។ សាកលវិទ្យាល័យយើងមានប្រវត្តិយូរមកហើយក៏មានកិត្តិនាមល្អបានបណ្ដុះបណ្ដាលថ្នាក់ដឹងនាំវិស័យកសិកម្មជាច្រើន ដូច្នេះ យើងត្រូវបន្តកសាងនិងថែរក្សាកេរ្តិ៍ឈ្មោះនេះ។
២. សាស្ត្រាចារ្យ គឺជាអ្នកផ្តល់ចំណេះដឹង និងបណ្តុះបណ្តាលធនធានមនុស្ស។ កាលណាធនធានមនុស្សយើងខ្លាំង នោះយើងអាចបង្កើតស្នាដៃ និងអភិវឌ្ឍប្រទេសបានគ្រប់វិស័យ រួមទាំងកសិកម្មផងដែរ។ លោកគ្រូ អ្នកគ្រូ គឺជាអ្នកចាក់សោរបើកទ្វាឱ្យសិស្សគ្រប់រូបបានចូលចាប់យកចំណេះដឹង ហើយនៅពេលបានឃើញសិស្សជោគជ័យ កំលាំងចិត្តពីមោទនៈភាពរបស់លោកគ្រូ អ្នកគ្រូគឺជារង្វាន់ដ៏ធំបំផុត។
និងទី៣. និស្សិតត្រូវមានគោលដៅជីវិតច្បាស់លាស់ និងតស៊ូប្រឹងប្រែងដើម្បីភាពជោគជ័យនៅក្នុងជីវិត។ គ្មានអ្នកណាអាចទទួលខុសត្រូវលើអនាគតរបស់យើងជាងយើងខ្លួនឯងនោះទេ។ យើងត្រូវមានផែនការជាក់លាក់ ត្រូវធ្វើការងារតូចតាចឱ្យបានសម្រេចនិងឱ្យកាន់តែបានល្អ។ បើយើងជាធនជានមនុស្សល្អ មិនខ្វះទេអ្នកត្រូវការយើង៕ សម្រួលផ្សាយ៖ DARA
0 Comment:
Post a Comment