(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ឆ្លៀតក្នុងឱកាសចូលរួមពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដំណើរដោយរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមជាមួយរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីជំនាញ បានអញ្ជើញចុះទៅពិនិត្យស្តង់លក់ ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគមួយចំនួនក្នុងពិធីតាំងពិព័រណ៍ផលិតផល នៅបរិវេណទីលានតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានណែនាំដល់ពាណិជ្ជករ ដែលជាអ្នកចូលរួមតាំងពិព័រណ៍ផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគទាំងអស់ ឱ្យរៀបចំទុកដាក់ម្ហូបអាហារឱ្យបានត្រឹមត្រូវ មានសុវត្ថិភាព និងអនាម័យល្អ ដើម្បីបម្រើមហាជនដែលអញ្ជើញចូលរួមក្នុងពិធីបុណ្យសមុទ្រ ទទួលទានប្រកបដោយសុវត្ថិភាព។
លោករដ្ឋមន្ត្រីពាណិជ្ជកម្មក៏បានផ្តាំផ្ញើឱ្យពាណិជ្ជករទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពម្ហូបអាហារឱ្យបានល្អ បូករួមទាំងការពង្រឹងសោភ័ណភាព និងការវិចខ្ចប់ផលិតផលឱ្យបានត្រឹមត្រូវ និងការផ្តល់សេវាល្អ ដើម្បីរួមចំណែកអភិវឌ្ឈន៍ផលិតផលម្ហូបអាហារខ្មែរ ឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងក្លាពីសំណាក់ភ្ញៀរជាតិ និងអន្តរជាតិ ដែលជាកម្លាំងចលករ រួមចំណែកជំរុញសកម្មភាពពាណិជ្ជកម្ម និងទាក់ទាញទេសចរណ៍មកកម្ពុជា កាន់តែច្រើនទ្បើងបន្ថែមទៀត។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី និងមន្ត្រីជំនាញ ក៏បានយកសំណាក់ជាគំរូផលិតផលម្ហូបអាហារមួយចំនួន ក្នុងពិធីតាំងពិព័រណ៍នោះ ទៅធ្វើតេស្តក្នុងមន្ទីរពិសោធន៍រថយន្តចល័តរបស់អគ្គនាយកដ្ធានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាការក្លែងបន្លំផងដែរ ដើម្បីស្វែងរកសារធាតុហាមឃាត់ក្នុងចំណីអាហារ៕
0 Comment:
Post a Comment