ឆ្នាំ២០២២នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣
បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញទូទៅ ដើម្បីពង្រឹងសមត្ថភាពយោធិន ឆ្នាំ២០២៣
ឱ្យទទួលបានជំនាញច្បាស់លាស់ ក្នុងយុទ្ធវិធីថ្មើរជើង ពង្រឹងបានទាំងស្មារតី
និងមានប្រៀបក្នុងការប្រយុទ្ធនៅលើសមរភូមិ កាលពីថ្ងៃទ៤កើត ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២
ដោយមានការចូលរួមពីឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជា ការរងកងទ័ពជើងគោក
និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ មេបញ្ជាការ
មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៧, ៨, ៩ ព្រមទាំងយោធាចារ្យ កម្មសិក្សាការី
នាយទាហាន និងនាយទាហានរង ជាច្រើនរូបទៀត ។
លោកវរសេនីយ៍ត្រី ផល ឌី
នាយការិយាល័យហ្វឹកហ្វឺន នៃកងឯកភាពកងពលធំអន្ត រាគមន៍លេខ៣ បានលើកឡើងថា
ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រការពារជាតិ
និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យ កងពលធំអន្តរាគមលេខ៣
បានកំណត់ច្បាស់អំពីសកម្មភាពយោធាក្នុងបច្ចុប្បន្ន ក៏ដូចជាថ្ងៃអនាគត
ដោយចាត់ទុកការងារហ្វឹកហ្វឺន គឺជាការងារអាទិភាពចាំបាច់
ត្រូវដំណើរការជាប្រចាំដូចភ្លៀងរលឹម។ សំដៅបង្កើនចំណេះដឹង ចំណេះធ្វើ
ក៏ដូចជាសកម្មភាពប្រយុទ្ធរបស់នាយទាហាន នាយទាហានរង
និងពលទាហានក្នុងកងពលធំអន្តរាគមន៍លេខ៣ទាំងមូល
តាមគោលការណ៍ដឹកនាំអនុវត្តឆ្នាំ២០២២។
ពង្រឹងខ្សែរយៈដឹកនាំបញ្ជាការងារហ្វឹកហ្វឺនឱ្យបានរឹងមាំ
បំប៉នយោធិនគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញតាមផែនការ ពង្រឹងយោធាចារ្យ
និងគ្រូបង្គោលតាមបណ្ដាកងឯកភាព ចំណុះកងពលធំអន្តរាគមន៍លេខ៣ ។
បន្តកសាងទីលានបាញ់គ្រាប់ពិត ដែលត្រូវកែសម្រួលថ្មីរបស់កងពលធំអន្តរាគមន៍លេខ៣
ដោយអនុវត្តតាមផែនការ កែទម្រង់កងយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ
របស់រដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងថា
ការបើកវគ្គហ្វឹកហ្វឺន គឺដើម្បីពង្រឹងសមត្ថភាព និងស្មារតីដល់នាយទាហាន
នាយទាហានរង និងពលទាហាន អ្វីដែលសំខាន់ គឺដើម្បីបង្កើនសមត្ថភាព ជាមេបញ្ជាការ
ជាអ្នកដឹកនាំ ថ្នាក់ក្រុមកងអនុសេនាតូច កងអនុសេនាធំ
ត្រូវចេះគ្រប់គ្រងស្ថានការណ៍ និងចាត់តាំងប្រុងប្រៀបមុន និងក្រោយពេលប្រយុទ្ធ
ចល័តរកភូមិសាស្ត្រ សំដៅលើទិសប្រយុទ្ធ
ដើម្បីធានាបានប្រៀបឈ្នះលើខ្មាំងសត្រូវ
ក្នុងការការពារទីតាំងក្នុងតំបន់ភូមិសាស្ត្រ ដែលកំពុងឈរជើង
និងការទទួលខុសត្រូវនាពេលបច្ចុប្បន្ន និងអនាគត ។
ឧត្តមសេនីយ៍ឯក ស្រី
ឌឹក ក៏បានក្រើនរម្លឹកដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំសិក្សា រៀនសូត្រ
និងទទួលយកបទពិសោធន៍ថ្មីៗ ដើម្បីយកទៅបម្រើការងារនៅអង្គភាព ឱ្យមានប្រសិទ្ធភាព
និងត្រូវយកចិត្តទុកដាក់គោរពវិន័យកងទ័ព រក្សាសេចក្ដីថ្លៃថ្នូរ
សីលធម៌រស់នៅស្អាតស្អំ និងរក្សាសាមគ្គីភាព ឯកភាព ហើយទោះក្នុងកាលៈទេសៈណាក៏ដោយ
ក៏នៅតែស្មោះត្រង់ឥតងាករេ ការពារ និងគោរពដាច់ខាត
នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសកម្លាំងកងយោធពលខេមរភូមិន្ទ
ត្រូវតែស្មោះត្រង់ ក្នុងការការពារបូរណភាពទឹកដី ឱ្យបានដាច់ខាត ៕
0 Comment:
Post a Comment