(ភ្នំពេញ)៖
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល
និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានថ្លែងថា
គម្រោងអាហារូបត្ថម្ភនៅកម្ពុជា
នឹងពង្រីកខេត្តគោលដៅថ្មីចំនួនពីរទៀត គឺនៅខេត្តពោធិ៍សាត់
និងខេត្តបន្ទាយមានជ័យ នៅឆ្នាំ២០២៣ខាងមុខ និងគ្រប់រាជធានី-ខេត្ត
នៅឆ្នាំ២០២៥។
ការថ្លែងដូច្នេះរបស់លោកស្រីវេជ្ជបណ្ឌិត
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាការពិនិត្យលទ្ធផល
ប្រចាំឆ្នាំ២០២២ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា
ដែលរៀបចំដោយក្រសួងសុខាភិបាល និង នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ
នាសណ្ឋាគារភ្នំពេញ។
លោកស្រីវេជ្ជបណ្ឌិតបានថ្លែងបន្ដថា
សិក្ខាសាលាដែលខាងលើនេះ មានរយៈពេល២ថ្ងៃ
ក្នុងគោលបំណងពិនិត្យលទ្ធផលនៃការអនុវត្តគម្រោងក្នុងឆ្នំា២០២២
ដែលមានការចូលរួមអនុវត្តពីរស្ថាប័ន ក្នុងនោះ ក្រសួងសុខាភិបាល
ដែលទទួលខុសត្រូវ៖ សមាសភាគទី១៖ ការពង្រឹងការផ្តល់សេវាសុខភាពជាអាទិភាព,
សមាសភាគទី៣៖ ធានាការឆ្លើយតបប្រកប ដោយប្រសិទ្ធភាព និងនិរន្តរភាព
ចំពោះ លេខាធិការដ្ឋាន គ.ជ.អ.ប ទទួលខុសត្រូវ៖ សមាសភាគទី២៖ ការជម្រុញតម្រូវការ និងគណនេយ្យភាព នៅថ្នាក់សហគមន៍។
លោកស្រីនាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជាបានថ្លែងថា
«ខ្ញុំជឿជាក់យ៉ាងមុតមាំថា សិក្ខាសាលារយៈពេលពីរថ្ងៃ
ពិតជាមានសារប្រយោជន៍ក្នុងការពិនិត្យវឌ្ឍនភាពដែលសម្រេចបានក្នុងឆ្នាំ២០២២
ពិនិត្យនិងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា
ដែលបានជួបក្នុងការអនុវត្តកន្លងមក
ដើម្បីជាត្រីវិស័យសម្រាប់ការអនុវត្តសកម្មភាពរបស់គម្រោងនៅឆ្នាំបន្តបន្ទាប់
ប្រកបដោយការទទួលខុសត្រូវ ស្របតាមបទដ្ឋាន និងគោលការណ៍ណែនាំរបស់គម្រោង
ជាធរមាន»។
ក្នុងឱកាសនោះ លោកស្រី យក់ សម្បត្ដិ បានថ្លែងអំណរគុណ ចំពោះ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍
និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់
ដែលតែងតែផ្តល់ការគាំទ្រទាំងជំនួយបច្ចេកទេស
និងហិរញ្ញវត្ថុដល់អង្គភាពអនុវត្តគម្រោង ទាំងក្រសួងសុខាភិបាល
និងលេខាធិការដ្ឋានគ.ជ.អ.ប ដើម្បីធ្វើឱ្យស្ថានភាពអាហារូបត្ថម្ភ ចំពោះស្រ្តី
និងកុមារ មានភាពប្រសើរឡើង។
សូមជម្រាបថា
គម្រោងអាហារូបត្ថម្ភនៅកម្ពុជា
ជាការផ្ដួចផ្ដើមដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយគម្រោងនេះ
ក៏មានការសហការឧបត្ថម្ភដោយដៃគូអភិវឌ្ឍន៍ជាច្រើន៕
0 Comment:
Post a Comment