ព្រះសីហនុ :ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ រសៀល ថ្ងៃអាទិត្យ ៧រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យកសិដ្ឋានចិញ្ចឹមសត្វអូទ្រីស និងសត្វចៀម ស្ថិតនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ ។
កសិដ្ឋាន-កសិទេសចរណ៍ភូមិអូរត្រជាក់ចិត្តនេះ នៅលើផ្ទៃដីប្រមាណជា ៣០ហិកតា ដែលមានសត្វអូទ្រីសចំនួនជាង ៥០០ក្បាល និងសត្វចៀមចំនួនជាង ៨០០ក្បាល ដែលបានបើកឱ្យដំណើរការចាប់តាំងពីឆ្នាំ២០២០មក ដើម្បីបម្រើដល់វិស័យទេសចរណ៍សម្រាប់ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ដល់ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វអូទ្រីស និងសត្វចៀម នៅក្នុងស្រុកព្រៃនប់ ហើយការចិញ្ចឹមសត្វទាំងពីរប្រភេទនេះ វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ ហើយក៏ជាកសិដ្ឋានដំបូងគេ ដែលបានបើកទ្វារចិញ្ចឹមសត្វនៅក្នុងខេត្តព្រះសីហនុ ដែលមានចិញ្ចឹមសត្វអូទ្រីស និងសត្វចៀម ព្រោះវាបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា៖ ទី១-ផ្តល់ការងារសម្រាប់ប្រជាពលរដ្ឋនៅតំបន់នេះ។
ទី២-ផ្តល់ឱកាសសម្រាប់ទាក់ទាញដល់វិស័យទេសចរណ៍ខេត្តព្រះសីហនុ។ ទី៣-អាចផ្តល់ជីវភាព និងអាចរកប្រាក់ចំណូលបន្ថែមទៀត នៅពេលខាងមុខផងដែរ។
ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ម្ចាស់កសិដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ ការថែទាំ ការពង្រីកកសិដ្ឋានមួយនេះឱ្យបានកាន់តែធំ ឬអាចបង្កើតកសិដ្ឋានថ្មីៗបន្ថែមទៀតនៅក្នុងក្រុង ស្រុក នៃខេត្តព្រះសីហនុ និងអាចបន្តទៅបើកការដ្ឋានថ្មី នៅតាមបណ្តាខេត្ត និងជំរុញឱ្យមានការបង្កាត់ជូពសត្វទាំងពីរប្រភេទនេះ ដើម្បីចែកចាយ លក់បន្តឱ្យប្រជាពលរដ្ឋ ដែលមានបំណងចង់ចិញ្ចឹមសត្វទាំងពីរប្រភេទនេះ ជាលក្ខណៈគ្រួសារ ឬជាលក្ខណៈឧស្សាហកម្ម ជាដើម។សូមបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមសត្វអូទ្រីស និងសត្វចៀម នៅភូមិអូត្រជាក់ចិត្តនេះ បើកឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ ភ្ញៀវទេសចរបរទេស ចូលទស្សនាកម្សាន្តសប្បាយរីករាយនៅភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕ដោយ ងូ សុមុនីសម្រួលការផ្សាយ៖ដារ៉ា
0 Comment:
Post a Comment