ចេញផ្សាយដោយ៖ www.kehaktomporknm.com on February 09, 2023
សៀមរាប ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានលើកឡើងថា តំបន់អាស៊ីប៉ាស៊ីហ្វិកជាតំបន់ដែលមានការរីកចម្រើនខ្លាំង គួរឱ្យកត់សម្គាល់ក្នុងពិភពលោក ប៉ុន្តែយើងក៏សង្កេតឃើញមានការកើនឡើងកាកសំណល់យ៉ាងខ្លាំង រួមទាំងសំណល់ប្លាស្ទិកផងដែរ បញ្ហានេះតម្រូវឱ្យយើង ត្រូវខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាព ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ នៅក្នុងពិធីពិសារអាហារពេលល្ងាចស្វាគមន៍ថ្នាក់រដ្ឋមន្រ្តី និងគណៈប្រតិភូទាំង៣៨ប្រទេស នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា នារាត្រីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ។
ឯកឧត្តម សាយ សំអាល់ បានមានប្រសសាសន៍ថា នៅក្នុងពីរទស្សវត្សរ៍ ចុងក្រោយនេះ ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ កម្ពុជាសម្រេចបានការកើនឡើងនៃសេដ្ឋកិច្ចគួរអោយកត់សំគាល់ប្រមាណ ៧ភាគរយ ជាមធ្យម ជារៀងរាល់ឆ្នាំ ប៉ុន្តែយើងទើបតែត្រូវបានរាំងស្ទះដោយសារការផ្ទុះនៃជំងឺកូវីដ១៩។ ឯកឧត្ដមរដ្ឋមន្រ្ដីបញ្ជាក់ថា បើទោះបីជាវិបត្តិសកលនេះបណ្តាលអោយសេដ្ឋកិច្ចប្រទេសទាំងអស់ជុំវិញពិភពលោកធ្លាក់ចុះក៏ពិតមែន ប៉ុន្តែកម្ពុជាបានគ្រប់គ្រងស្ថានភាព និងការស្តារឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស លើសពីការរំពឹងទុក ។
ឯកឧត្ដមបានថ្លែងថា៖ «នេះជាឱកាសដ៏ល្អបំផុតដែលយើងបានយកវេទិកានេះមកពិភាក្សាគ្នា ចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អពីគ្នាទៅវិញទៅមកក៏ដូចជា ចំណេះដឹងតាមបែបវិទ្យាសាស្រ្តថ្មីៗ ដែលជាធាតុចូលមួយដ៏សំខាន់ សម្រាប់ការវាយតម្លៃជាគន្លឹះ ផ្តល់ជាជម្រើសដ៏សមស្របសម្រាប់យើងទាំងអស់គ្នាពិចារណាឡើងវិញនូវវិធានការគោលនយោបាយរបស់យើង។ ឆ្លើយតបទៅនឹងបញ្ហាបន្ទាន់ និងអាទិភាពដើម្បីធានាបាននូវការគ្រប់គ្រងសំណល់ប្រកបដោយសុវត្ថិភាពបរិស្ថាន ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននៅក្នុងតំបន់របស់យើង»។
ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានអះអាងផងថា តាមរយៈលទ្ធផល នៃវេទិកាដ៏មានសារៈសំខាន់នៅថ្ងៃនេះ យើងសង្ឃឹមយ៉ាងមុតមាំថា យើងនឹងឆ្ពោះទៅរកការធ្វើអោយប្រសើរឡើងការគ្រប់គ្រងសំណល់ និងការបំពុលប្រភពធនធានសេដ្ឋកិច្ចវិលជុំ និងធនធានធម្មជាតិកកើតឡើងវិញ ដើម្បីឆ្ពោះទៅសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ៕ដោយ៖ ប៊ុនរិទ្ធ និង រិទ្ធី, ផ្សាយដោយ៖ dara
0 Comment:
Post a Comment