-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ជយោសន្តិភាពនាំព្រលឹងវប្បធម៌ជាតិ វិលរកមាតុភូមិ! ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលរតនវត្ថុរបស់ខ្មែរ ដែលទាមទារបានពីបរទេសមកវិញ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ការបែកបាក់ និងសង្គ្រាមហែកហួរក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា មិនត្រឹមតែធ្វើឱ្យ​ជាតិ​​អន់ថយ ប្រជាជនជួបភាពតោកយ៉ាកប៉ុណ្ណោះទេ សូម្បីតែវត្ថុបុរាណជាច្រើនដែលជា​រតនៈ​សម្បត្តិ​របស់កម្ពុជាបន្សល់ទុកពីដូនតាខ្មែរ ក៏ត្រូវរសាត់អណ្តែត និងបាត់បង់អស់​ជា​ច្រើន​។

ក្រោយពេលកម្ពុជារកបានសុខសន្តិភាព ជាតិត្រូវបានបង្រួបបង្រួម រតនសម្បត្តិរបស់កម្ពុជា ដែលបាត់បង់ដែលខ្លះបានបាត់បង់រាប់រយឆ្នាំហើយនោះ ក៏ត្រូវបាននាំយកមកវិញជាបន្តបន្ទាប់ផងដែរ។ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួល​រតន​វត្ថុ​របស់ខ្មែរមួយចំនួន ដែលទើបនឹងទាមទារបានពីបរទេសមកវិញ។ ពិធីទទួលរតនវត្ថុនេះធ្វើឡើងនៅវិមានសន្តិភាព។

លោកស្រី ភឿង សក្កុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រតនវត្ថុដែលកម្ពុជាទទួលបានពីបរទេសវិញទាំងធំ និងតូច គឺមានរាប់​រយ​គ្រឿង។ ក្នុងនោះមានធ្វើពីថ្ម សំរឹទ្ធ និងមាស។ រតនវត្ថុទាំងនេះ ភាគច្រើនទទួលបានមកពីសហរដ្ឋអាមេរិក និងអង់គ្លេស។

លោកស្រី ភឿង សក្កុណា បានរំលឹកត្រួសៗនូវរតនវត្ថុដែលកម្ពុជាទទួលបាននាពេលកន្លងមក មានដូចជាតាមរយៈកិច្ចព្រមព្រៀងមួយ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាតំណាងនៃរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូគ្លាស ឡាតហ្វដ (Douglas Latchford) បានប្រគល់ជូនមកកម្ពុជាវិញ នូវវត្ថុបុរាណខ្មែរទាំងអស់ដែលកាន់កាប់រក្សាទុកដោយគ្រួសារ លោកឡាត ហ្វដ។

បន្ថែមពីលើនេះ សម្បត្តិវប្បធម៌ខ្មែរសំខាន់ៗជាច្រើនដែលកាន់កាប់រក្សាទុកដោយសារមន្ទីរនានា និងអ្នកកាន់កាប់សមុច្ច័យឯកជន (មួយចំនួនរឹបអូសបានដោយសមត្ថកិច្ចអាមេរិក និងមួយចំនួនទៀតតាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត) ក៏ត្រូវបានបញ្ជូន ត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

ថ្មីៗនេះទៀតសោត គ្រឿងអលង្ការបុរាណខ្មែរធ្វើពីមាស និងលោហៈមានតម្លៃទាំង ធំ-តូច ចំនួន ៧៧គ្រឿង ត្រូវបាននាំយកពីចក្រភពអង់គ្លេសមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយក្រុមការងារកម្ពុជាដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេស រដ្ឋាភិបាលសហរដ្ឋអាមេរិក និងការជួយសម្របសម្រួលពីស្ថានទូតកម្ពុជា។ ទន្ទឹមនឹងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន និងកំពុងសហការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រទេសដ៏ទៃទៀត ក៏ដូចជាបន្តការចរចាជាមួយស្ថាប័ន និងអ្នកកាន់កាប់សមុច្ច័យឯកជន ដើម្បីរៀបចំនីតិវិធីទាមទារ និងបញ្ជូនវត្ថុបុរាណខ្មែរជាច្រើនទៀត ត្រឡប់មកកម្ពុជាវិញ។

លោកស្រីបន្តថា ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរដែលទទួលបានមកវិញនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ព្រមទាំងគ្រឿងអលង្ការបុរាណ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមាថ្មធំៗដូចជា៖ ព្រះឥសូរ និងព្រះស្កន្ទ, ព្រះស្កន្ទគង់លើក្ងោក និងព្រះគណេស ដែលមានប្រភពដើមមកពីរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០នៃគ.ស. ដែលធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំនៅក្នុងអំឡុងនៃសម័យសង្គ្រាមស៊ីវិល និងអសន្តិសុខក្នុងស្រុក។

បើតាមលោកស្រី ភឿង សក្កុណា រតនវត្ថុដែលដាក់បង្ហាញក្នុងពិធីទទួលក្រោមអធិបតីភាព​សម្តេចតេជោ គឺបង្ហាញតែមួយចំនួនប៉ុណ្ណោះ ដោយឡែករតនៈវត្ថុមួយចំនួនដែលកំពុងស្ថិត​ក្នុង​ដំណាក់​កាល​ជួសជុលនោះ មិនត្រូវបានបង្ហាញនោះឡើយ។

លោកស្រីរដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងពិធីនោះ ក៏មានបង្ហាញរតនវត្ថុជាគ្រឿងអលង្ការមួយ​ចំនួនទៀត ដែលត្រូវបានរកឃើញដោយអាជ្ញាធរជាតិអប្សរានៅតាមដំបន់អង្គរផងដែរ។

លោកស្រី ភឿង សក្កុណា បានគូសបញ្ជាក់ថា វត្ថុបុរាណដែលទទួលបានមកវិញនេះ គឺជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន និងជាព្រលឹងដូនតាខ្មែរជាច្រើនជំនាន់ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់ទៅក្រៅប្រទេស នៅក្នុងអំឡុងនៃសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងអសន្តិសុខ ដែលបានកើតឡើងនៅកម្ពុជានាពេលកន្លងទៅ។

លោកស្រី បន្តថា សន្តិភាពដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសមាសអនុញ្ញាតឱ្យកម្ពុជា អាចនាំយកនូវព្រលឹងដូនតា និងរតនសម្បត្តិដ៏មានតម្លៃនានា ដែលបាត់បង់ត្រឡប់មកមាតុភូមិកំណើតវិញជាបន្តបន្ទាប់ ដែលជាមង្គល និងម្លប់ចំពោះប្រជាជាតិ និងប្រជាជនកម្ពុជា។

លោកស្រីរដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា ការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាកិច្ចសហការយ៉ាងសកម្មបំផុតពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានា ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី និងក្របខណ្ឌនៃអង្គការយូណេស្កូ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសដែលមានវត្តមានរតនវត្ថុរបស់ខ្មែរ។

បើតាមលោកស្រី ភឿង សក្កុណា ការទទួលបានរតនវត្ថុទាំងនេះត្រឡប់មកវិញ គឺមានការតស៊ូមតិ និងការទាមទារស្វិតស្វាញណាស់ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែជំរុញ និងលើកទឹកចិត្តជាប់ជានិច្ចក្នុងការនាំយករតនវត្ថុរបស់កម្ពុជាដែលបាត់បង់ឱ្យត្រឡប់មកវិញ៕

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។