ចេញផ្សាយដោយ៖ www.kehaktomporknm.com on March 16, 2023
(កំពង់ស្ពឺ)៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ អមដំណើរដោយសមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងខេត្តកំពង់ស្ពឺ ក្នុងឱកាសការឈានជិតចូលមកដល់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅក្នុងបរិវេណសាលាខេត្ត នាព្រឹកថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២៣នេះ។
ក្នុងនោះក៏មានការចូលរួមពី លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ, ឧត្តមសេនីយ៍ឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការដ្ឋានការពារកោះឆ្នេរ, លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ, លោកឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ, លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ, ក្រុមការងាររដ្ឋបាលខេត្ត និងកងកម្លាំងទាំង៤ប្រភេទចំនួនប្រមាណ២០០នាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់កងកម្លាំងក្នុងការបំពេញបេសសកម្ម ថែរក្សាសុខសុវត្ថិភាព ជូនប្រជាជន និងចូលរួមជាមួយរាជរដ្ឋាភិបាល មិនថាក្នុងកាលៈទេសៈ មិនថាពេលដែលប្រជាជនជួបសុខសន្តិភាព សម្បូរសប្បាយ ឬមានគ្រោះធម្មជាតិនានា ទាំងក្នុងអតីតកាល បច្ចុប្បន្នភាព និងអនាគតកាល។ លោកបានគូសបញ្ជាក់ថា ការលះបង់របស់កងកម្លាំងរបស់កងកម្លាំងនេះហើយ គឺជាគុណតម្លៃ នៃសុខសន្តិភាព។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តលើកឡើងថា សូមកងកម្លាំងកងកម្លាំងទាំងអស់ បន្តជឿជាក់លើគោលនយោបាយដាក់ដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្រ្ត និងគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែបន្តគិតគូរ និងយកចិត្តទុកដាក់ចំពោះការដាក់ចេញនូវគោលនយោបាយ និងសុខទុក្ខកងកម្លាំងទាំងអស់។
តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺរូបនេះ បានសង្កត់ធ្ងន់ផងដែរ ក្នុងអំឡុងបុណ្យជាតិធំៗ ជាពិសេសពិធីចូលឆ្នាំ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុននេះ សូមកងកម្លាំងគ្រប់ប្រភេទគោរពតាមបទបញ្ជា បន្តឈរជើងការពារនៅតាមទិសដៅដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រទេសជាតិឲ្យកាន់តែប្រសើរ៕
0 Comment:
Post a Comment