ភ្នំពេញ ៖ថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៣ សហគមន៍កោះព្រហ្មចារីយ៍ កំពុងមានភាពទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅលេងកម្សាន្តជាហូរហែមិនចេះដាច់ ដោយសារទីនោះធម្មជាតិអំណោយផលល្អណាស់ ទេសភាពស្រស់ត្រកាល មានដើមឈើធំៗផ្តល់ម្លប់ត្រជាក់ ដែលអំណោយ ផលខ្លាំងលើសក្តានុពលទេសចរណ៍។
លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានមាន ប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជា ឱ្យដឹងថា សហគមន៍កោះព្រហ្មចារីយ៍ជាកោះដែលស្ថិតនៅទន្លេមេគង្គ ខាងលិចរមណីយដ្ឋានទឹកជួរកាំពី ទីនោះធម្មជាតិអំណោយផលណាស់ ទេសភាពស្រស់ត្រកាល មានដើមឈើធំៗផ្តល់ម្លប់ត្រជាក់ មានថ្ម ខ្សាច់ ទឹក ពិតជាមនោរម្យណាស់ដោយសម្លេងទឹកហូរ និងសម្លេងសត្វ ដោយលោកអ្នកអាចបោះតង់ ឬពិកនិចនៅទីនោះ អាចហែលទឹកលេងកម្សាន្តជាលក្ខណៈគ្រសារ និងជាក្រុមការងារ។
លោកបានបន្តថា ភ្ញៀវទេសចរ ដែលទៅលេងកម្សាន្តកោះព្រហ្មចារីយ៍ អាចទស្សនាទេសភាពដ៏ស្រស់ត្រកាលសម្បូរបែប ការទស្សនាសត្វផ្សោត វប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងទស្សនាសត្វក្ដាន់ ដែលជាសត្វកម្រដែលនៅមានវត្តមានក្នុងតំបន់នេះ។បន្ថែមពីនោះ ភ្ញៀវទេសចរ ក៏អាចជិះទូក កាណូត ដើម្បីរង់ចាំមើលសត្វផ្សោត និង ស្ទួចត្រី លេងកម្សាន្តផងដែរ។
«កោះព្រហ្មចារីយ៍ ក៏យើងទទួលភ្ញៀវទេសចរបានដែរ កោះព្រហ្មចារីយ៍គ្រាន់តែរាងស្ងប់ស្ងាត់បន្តិច អាស្រ័យទៅលើដើមឈើធំៗ ហើយជ្រលងទឹកទន្លេរាក់ៗនៅក្នុងប្រឡោះដើមឈើធំៗ មានមួយប្រឡោះៗ កន្លែងខ្លះក៏ប្រឡោះធំទឹកជ្រៅ កន្លែងខ្លះទឹកត្រឹមចង្កេះ ត្រឹមកជើងតាមកន្លែងមួយៗ ដែលជាទីទាក់ទាញ ដោយស្ងាត់ល្អអាចទៅពិកនិច បោះតង់អីបាន »។
គួរជម្រាបថា តាមរយៈក្រសួង ទេសចរណ៍ ដំបូងឡើយ អ្នកស្រុកនៅទីនោះ ហៅកោះនេះថា «កោះយ៉ៃ» ប៉ុន្តែឯកឧត្តម ឡូយ សុផាត អតីតអភិបាលខេត្តក្រចេះ បានចុះ ទៅសិក្សាស្រាវជ្រាវនៅលើកោះនេះមុនគេ។ ឯកឧត្តម ឃើញទីធ្លាខ្សាច់ស្អាតសក្បុស ទេសភាពគួរជាទីគយគន់ ប្រៀបដូចជា នារីក្រមុំព្រហ្មចារីយ៍ ហើយមិនទាន់មានអ្នកណា ទៅលេងកម្សាន្តផង ឯកឧត្តម ក៏សម្រេចជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកភាពដាក់ឈ្មោះកោះនេះថា «កោះព្រហ្មចារីយ៍»។
សូមបញ្ជាក់ថា រមណីយដ្ឋាន កោះយ៉ៃ(កោះព្រហ្មចារីយ៍) ជារមណីយ ដ្ឋានធម្មជាតិ ចម្ងាយ ១៧គីឡូម៉ែត្រ ពីខេត្តក្រចេះ ស្ថិតនៅភូមិជ្រោយ បន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ៕
0 Comment:
Post a Comment