សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះនៅល្ងាចថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០២៣ ពេលអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា សរុប ៤,២៦៤នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ។
ទោះជាយ៉ាងនេះក្តី បើតាមការបញ្ជាក់របស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា អ្នកចូលទស្សនាត្រូវមានសំបុត្រដើម្បីបញ្ជាក់ពីទីតាំងដែលខ្លួនត្រូវអង្គុយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ប្រជាពលរដ្ឋដែលចូលមើលស៉ីហ្គេម ទាំងពេលបើកនិងបិទ មិនត្រូវទទួលការបង់ថ្លៃណាមួយនោះទេ។ ក៏ប៉ុន្តែ យើងត្រូវតែមានការរៀបចំសណ្តាប់ធ្នាប់ឲ្យបានត្រឹមត្រូវ។ សំបុត្រត្រូវតែមាន តែសំបុត្រនោះមិនត្រូវបង់ថ្លៃទេ ទាំងភ្ញៀវជាតិនិងអន្តរជាតិ»។
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៉ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការ ពីការអនុញ្ញាតប្រជាពលរដ្ឋខ្មែរ និងបរទេសទាំអស់អាចូលទស្សនាដោយសេរី ជាមួយការលុបចោលការបង់ថ្លៃលើការស្នើសុំសិទ្ធផ្សាយបន្តផ្ទាល់។ ការចេញលិខិតប្រកាសនេះ ធ្វើឡើងស្ថិតក្រោមការអនុវត្តតាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
សូមបញ្ជាក់ផងថា សម្រាប់ព្រឹត្តិការណ៍កីឡាស៉ីហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕
0 Comment:
Post a Comment