(ព្រះសីហនុ)៖ ធនាគារជាតិនៃកម្ពុជាបានបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធបាគង ក្រោមអធិបតិយភាពលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ និងលោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ដើម្បីអបអរសាទរខួបលើកទី៤៣ នៃទិវាប្រាក់រៀល។
ពិធីនេះប្រារព្ធឡើងនៅបរិវេណសួនច្បារវិមានឯករាជ្យ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីតំណាងមន្ទីរ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ជាច្រើនរូប។
លោកស្រី ជា សិរី បានឱ្យដឹងថា ប្រវត្តិប្រាក់រៀលបានឆ្លងកាត់នូវដំណាក់កាលជាច្រើន មុននឹងមានស្ថិរភាពល្អប្រសើរដូចបច្ចុប្បន្ននេះ។ ក្រោមអាណាព្យាបាលបារាំង លុយ "ស" (Piastre) ត្រូវបានបោះផ្សាយដោយធនាគារឥណ្ឌូចិននៅក្នុងឆ្នាំ១៨៧៥ សម្រាប់ចាយនៅក្នុងប្រទេសចំនួន៣ គឺកម្ពុជា ឡាវ និងវៀតណាម។
ចាប់ពីឆ្នាំ១៩២១ ពាក្យ «រៀល» ជាភាសាខ្មែរ ត្រូវបានដាក់នៅលើក្រដាសប្រាក់ស ដើម្បីឱ្យប្រជាជនខ្មែរដឹងពីតម្លៃក្រដាសប្រាក់ព្យាសកាន់តែទូលំទូលាយ។ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីបារាំង ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងជាលើកដំបូងនៅខែធ្នូ ឆ្នាំ១៩៥៤ នៅខែកញ្ញា ឆ្នាំ១៩៥៥ និងបានបោះផ្សាយប្រាក់រៀលសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសនាសម័យសង្គមរាស្ត្រនិយម។ ប៉ុន្ដែគួរឱ្យសោកស្តាយ ការរីកចម្រើននោះមានរយៈពេលខ្លីតែប៉ុណ្ណោះ ដោយសារប្រទេសកម្ពុជាបានជួបប្រទះនឹងអស្ថិរភាពនយោបាយ និងសង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនឆ្នាំ បានរុញច្រានប្រទេសឱ្យលិចលង់ក្នុងភ្លើងសង្គ្រាម ហើយក្នុងនោះបានបណ្តាលឱ្យប្រាក់រៀលធ្លាក់ថ្លៃយ៉ាងគំហុកជាមួយនឹងអតិផរណាខ្ពស់។
លោកស្រី ជា សិរី បានបន្តថា ពេលសង្គ្រាមបានបញ្ចប់ អគារធនាគារជាតិនៃកម្ពុជាត្រូវបានបំផ្លាញទាំងស្រុង ហើយប្រាក់រៀលត្រូវបានលុបបំបាត់ចោល ដោយសារការចាត់ទុកថាការប្រើប្រាស់លុយជាប្រភពនៃការកេងប្រវ័ញ្ច។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលបានខិតខំតស៊ូបង្រួបបង្រួមជាតិ ដើម្បីធានាឱ្យមានសុខសន្តិភាពពេញលេញ និងបានខិតខំកសាងសង្គម និងសេដ្ឋកិច្ចឡើងវិញពីបាតដៃទទេលើគ្រប់វិស័យ ហើយការងារចម្បងមួយក្នុងចំណោមការងារអាទិភាពនានានៅពេលនោះ គឺការបោះផ្សាយប្រាក់រៀលឡើងវិញ ដើម្បីសម្រួលដល់ប្រតិបត្តិការដោះដូរទំនិញនិងសេវានៅក្នុងសេដ្ឋកិច្ច ជាពិសេសការកសាងនិងពង្រឹងអធិបតេយ្យជាតិ។
លោកស្រីទេសាភិបាលរងបានបន្តទៀតថា នៅថ្ងៃ២០ ខែមីនា ឆ្នាំ១៩៨០ ប្រាក់រៀលត្រូវបានដាក់ឱ្យចរាចរណ៍ឡើងវិញជាផ្លូវការ និងទទួលបានការសាទរជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប និងចាប់ផ្តើមដើរតួនាទីមួយចំនួននៅក្នុងប្រតិបត្តិការដោះដូរ។ ទន្ទឹមនឹងការប្រើប្រាស់វត្ថុមានតម្លៃមួយចំនួនទៀត ជាពិសេសមាស អង្ករជាដើម ដែលជាមធ្យោបាយទូទាត់ដ៏សំខាន់ក្នុងឆ្នាំ១៩៧៩ និងក្នុងទសវត្សឆ្នាំ១៩៨០។ ដោយសារការអូសបន្លាយពេលនៃសង្គ្រាមស៊ីវិលរហូតដល់ចុងឆ្នាំ១៩៩៨ បានធ្វើឱ្យជំនឿទុកចិត្តលើប្រាក់រៀលមានកម្រិតទាប ស្របពេលដែលការចរាចរណ៍ប្រាក់រៀលមិនមានភាពទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមតំបន់ព្រំដែន ហើយក៏បានបង្កឱ្យមានអស្ថិរភាពតម្លៃប្រាក់រៀលយ៉ាងខ្លាំងផងដែរ។ ការហូរចូលប្រាក់ដុល្លារអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់មកក្នុងសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ១៩៩២-១៩៩៣ តាមរយៈអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNTAC) ដើម្បីរៀបចំការបោះឆ្នោតជាលើកដំបូងបានធ្វើឱ្យប្រជាជន ក៏ដូចជាវិស័យឯកជនទទួលយកនិងប្រើប្រាស់ប្រាក់ដុល្លារអាមេរិកដោយផ្ទាល់យ៉ាងឆាប់រហ័ស ដែលជាចំណុចចាប់ផ្ដើមនៃដុល្លារូបនីយកម្មនៅកម្ពុជារហូតដល់បច្ចុប្បន្ន។
ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានធ្វើស្ថិរកម្មម៉ាក្រូសេដ្ឋកិច្ចនិងសង្គម និងបានដាក់ចេញនយោបាយអភិវឌ្ឍជាតិនៅគ្រប់វិស័យ ដែលក្នុងនោះក៏មានការជំរុញការប្រើប្រាស់ប្រាក់រៀលផងដែរ។
លោកស្រីបានឱ្យដឹងដែរថា ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា ប្រាក់រៀលបានចរាចរណ៍កើនឡើងជាលំដាប់ក្នុងអត្រាកំណើនប្រចាំឆ្នាំ ១៦.៦% ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ។ ទន្ទឹមនេះ អត្រាប្តូរប្រាក់រៀលត្រូវបានរក្សាឱ្យមានស្ថិរភាពយ៉ាងល្អប្រសើរ ទាំងនៅក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុសកល និងវិបត្តិកូវីដ-១៩ ជាមួយអត្រាមធ្យម៤,០៣៦រៀលក្នុងមួយដុល្លារអាមេរិក គិតចាប់តាំងពីឆ្នាំ១៩៩៨មក និងប្រែប្រួលក្នុងរង្វង់តែ ១% ប៉ុណ្ណោះក្នុងមួយឆ្នាំ។ ស្ថិរភាពអត្រាប្ដូរប្រាក់បានរួមចំណែករក្សាស្ថិរភាពថ្លៃ និងការពារអំណាចទិញរបស់ប្រាក់រៀល ជាពិសេសប្រាក់ចំណូលរបស់មន្ត្រីរាជការ និងប្រជាជនរស់នៅតាមខេត្តនិងតំបន់ជនបទ ដែលមានប្រាក់ចំណូលចម្បងជាប្រាក់រៀល។
ដោយឡែក សម្រាប់ខេត្តព្រះសីហនុ យោងតាមទិន្នន័យអង្កេតរបស់ធនាគារជាតិនៃកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA កាលពីឆ្នាំ២០១៧ ប្រជាពលរដ្ឋ ៦៣% មានប្រាក់ចំណូលចម្បងជាប្រាក់រៀល ស្របពេលដែល ៧០% បានប្រើប្រាស់លុយរៀលច្រើនជាង ៨០% នៅក្នុងការចំណាយប្រចាំថ្ងៃ។ នៅឆ្នាំ២០២២កន្លងទៅ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅខេត្តព្រះសីហនុបានបើកសាច់ប្រាក់ជាលុយរៀលពីសាខាធនាគារជាតិនៃកម្ពុជាប្រមាណ ៤១% នៃការបើកសាច់ប្រាក់សរុប ដែលបានកើនពីប្រមាណ ២៦% កាលពីឆ្នាំ២០២១។ ការកើនឡើងនេះបានបង្ហាញពីកំណើនតម្រូវការប្រាក់រៀលច្រើនជាងមុននៅក្នុងខេត្ត។
លោកស្រី ជា សិរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនាពេលកន្លងមក របស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុទាំងអស់ និងគ្រប់ភាគីពាក់ព័ន្ធ ទាំងអាជ្ញាធរខេត្ត និងក្រុមហ៊ុន សហគ្រាសនានា និងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធនៅក្នុងខេត្តព្រះសីហនុទាំងអស់ឱ្យបន្តប្រើប្រាស់រៀលឱ្យកាន់តែច្រើនឡើងៗថែមទៀត។
លោកស្រី ហៀក ហ៊ីមុល្លី បានរៀបរាប់ពីសក្កានុពលក្នុងខេត្តព្រះសីហនុ និងវិស័យនានាដែលកំពុងរីកចម្រើន និងមានក្រុមហ៊ុនវិនិយោគធំៗជាច្រើនមកបង្ហាញខ្លួនក្នុងខេត្តព្រះសីហនុ ក្នុងនោះខេត្តព្រះសីហនុបានស្គាល់នូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងអំឡុងមួយទសវត្សចុងក្រោយនេះ ជាក់ស្តែងប្រាក់ចំណូលរបស់ប្រជាពរដ្ឋក្នុងឆ្នាំ២០១៨ មានចំនួន១៦លាន៧សែនរៀល ស្មើនឹង ៤១៧៥ដុល្លាអាមេរិក ដែលជាអត្រាមួយខ្ពស់បើប្រៀបទៅនឹងខេត្តដទៃស្រប់ពេលដែលអត្រានៃភាពក្រីក្របានថយចុះជាបន្តបន្ទាប់មកត្រឹម ៤.៤៤%ប៉ុណ្ណោះ គិតត្រឹមដើមឆ្នាំ២០១៩។
គួរបញ្ជាក់ដែរថា ការរីកចម្រើនរបស់ខេត្តព្រះសីហនុទទួលបានការគាំទ្រពីការអភិវឌ្ឍលើវិស័យធនាគារ ហិរញ្ញវត្ថុតាមរយៈការផ្តល់សេវាហិរញ្ញូវត្ថុនានាជូនប្រជាពលរដ្ឋ និងក្រុមហ៊ុនសហគ្រាសគ្រប់ទីកន្លែងក្នុងខេត្តព្រះសីហនុទាំងមូល ដោយចប្ចុប្បន្នគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុដែលកំពុងប្រត្តិបត្តិការនៅក្នុងខេត្តមានចំនួន៤២គ្រឹះស្ថាន ជាមួយនឹងសាខាសរុបចំនួន៦០សាខា។
លោកស្រីអភិបាលបានបន្តថា ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិពិតជាមិនអាចប្រព្រិត្តទៅដោយរលូននោះទេ បើមិនមានរូបិយវត្ថុជាតិដែលដើតួរយ៉ាងសំខាន់ប្រៀបទៅនឹងគ្រឹះដ៏រឹងមាំក្នុងការសម្រួលដល់ការវិនិយោគផលិតកម្ម និងពាណិជ្ជកម្មឲ្យមានភាពរួសរវើក។ លើសពីនេះទៅទៀត ការប្រើប្រាស់ប្រាក់រៀលឱ្យបានទូរលំទូលាយ ប្រៀបបាននឹងការជួយថែរក្សា និងចែករំលែកនូវចំណេះដឹងពីប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជាដល់អ្នកជំនាន់ក្រោយ ក៏ដូចជាភ្ញៀវទេសចរបរទេស ហើយអាចពង្រឹងស្មារតីបង្រួបបង្រួមជាតិក្នុងនាមជាប្រជាជនកម្ពុជាតែមួយ។ ក្នុងន័យនេះការប្រើប្រាស់ប្រាក់រៀលឱ្យបានរីកសុះសាយក្នុងមូលដ្ឋាន និងទូទាំងប្រទេសទាំងមូល ពិតជាមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយបរិយាប័ន្ន៕
0 Comment:
Post a Comment