នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជេីញជាអធិបតីក្នុងពិធី កាត់ឫសសីមា និងឆ្លងសមិទ្ធផលនានា នៅវត្តក្រសាំងជ្រំស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង
ថ្លែងទៅកាន់ពិធីនេះឯកឧត្តមបានបញ្ជាក់ថា តម្លៃនៃសុខសន្តិភាពគឺមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើនលើគ្រប់វិស័យហើយ ព្រះវិហារ និងសមិទ្ធផលនានានៅវត្តក្រសាំងជ្រំ ក្រុងស្វាយរៀង ដែលធ្វើពិធីបញ្ចុះខណ្ឌសីមា និងឆ្លងនាពេលនេះ ក៏កើតចេញដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចប្រារព្ធពិធីសាសនាទៅតាមបែបប្រពៃណីរៀងៗខ្លួន។
ឯកឧត្តមបានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ដែលជានិច្ចកាលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ហើយបានដោះស្រាយនូវទុក្ខលំបាកនានាជូនប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ។ ទន្ទឹមនេះឯកឧត្តមបានថ្លែងអំណរគុណដល់សប្បុរជនជិតឆ្ងាយដែលបានចូលរួមដោយទឹកចិត្តកសាងព្រះវិហារ និងសមិទ្ធផលនានានៅវត្តក្រសាំងជ្រំ ក្រុងស្វាយរៀង ឱ្យលេចជាសមិទ្ធផល រួចរាល់ជាស្ថាពរហើយរៀបចំពិធីបញ្ចុះខណ្ឌសីមា និងឆ្លងដែលមានការចូលរួមពីអាជ្ញាធរ ប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។
ឯកឧត្តម បានថ្លែងអំពាវនាវឱ្យអាជ្ញាធរ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៅក្រុងស្វាយរៀងត្រូវបន្តបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ និងដោះស្រាយសេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងគណនេយ្យភាព ជាពិសេសត្រូវចុះឲ្យដល់មូលដ្ឋានជាក់ស្ដែងក្តាប់ឲ្យច្បាស់លាស់ពីកង្វះខាត សំណូមពរផ្សេងៗ ដែលប្រជាពលរដ្ឋនៅមូលដ្ឋានត្រូវការជាចាំបាច់ ដើម្បីរួមចំណែកកាត់បន្ថយការលំបាក ភាពក្រីក្រ និងជួយលើកកម្ពស់ ជីវភាព រស់នៅរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តមនិងក្រុមការងារ ក៏បាននាំនូវបច្ច័យចំនួន៥លានរៀលប្រគេនដល់វត្តក្រសាំងជ្រំផងដែរ៕
0 Comment:
Post a Comment