ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោសោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករកកំពង់ធំ រួមជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះរាជពិធីនេះប្រព្រឹត្តទៅនៅពហុកីឡដ្ឋានខេត្តកំពង់ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
នៅក្នុងពិធីដ៏មហោឡារិកប្រវត្តិសាស្ត្រនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្ដេចគតិសិង្ហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភានិងអធិការកិច្ចផងដែរ។
នៅក្នុងពិធីជាប្រវត្តិសាស្ត្រនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញច្រត់ព្រះនង្គ័ល តំណាងជាស្ដេចមាឃ និងលោកជំទាវហុង សុផានី ងួនរតនៈ ជាព្រះមេហួរ ។
បន្ទាប់មក សម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងទតស្តង់ពិពណ៌ របស់រដ្ឋបាលខេត្ត ស្រុក ក្រុង និងបណ្ដាមន្ទីរជុំវិញខេត្ត ដែលបានរៀបចំនៅទីលានព្រះស្រែ នេះឱកាសនេះផងដែរ។
បន្ទាប់ពីបញ្ចប់កម្មវិធី ប្រជាពលរដ្ឋ និងមហាជននៅខេត្តកំពង់ធំ បានអមតាមដងផ្លូវអបអរសាទរជូនព្រះរាជដំណើររបស់ព្រះមហាក្សត្រយាងនិវត្តន៍ ប្រកបដោយភាពមហោឡារិកនិងរីករាយយ៉ាងក្រៃលែង។
0 Comment:
Post a Comment