KNM ៖ភ្នំពេញថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ប្រជាពលរដ្ឋបានបង្ហាញការគាំទ្រនិងពេញចិត្តឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីថ្មី សម្រាប់អាណត្តិទី៧នេះ ដោយសារតែឯកឧត្តមមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេស ឱ្យ កាន់តែរីកចម្រើនបន្តទៅមុខទៀត ។
កញ្ញា សុម៉ាលីតា ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម បានលើកឡើងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាបុគ្គលមួយរូបដែលមានសមត្ថភាពពេញលេញនិងគ្រប់គ្រាន់ ដោយបានទទួលការសិក្សារៀនសូត្រ និងបណ្តុះបណ្តាលទាំងក្នុងនិងក្រៅប្រទេស និងមានភាពអត់ធ្មត់ព្យាយាម ដែលស័ក្ដិសមធ្វើជាថ្នាក់ដឹកនាំ ប្រទេស ។
ក្នុងនោះ កញ្ញាបានបង្ហាញនូវការគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការចូល កាន់តួនាទីជានាយករដ្ឋមន្ត្រីថ្មីសម្រាប់អាណត្តិទី៧ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបន្តដឹកនាំប្រទេស កម្ពុជា ពង្រឹងសុខសន្តិភាពឱ្យកាន់តែរឹងមាំ អភិវឌ្ឍន៍ប្រទេសឱ្យកាន់តែមានរីកចម្រើន ជាពិសេសចូលរួម ចំណែកធ្វើឱ្យប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្ដីសុខសាន្តបន្តទៅមុខទៀត ។
សំឡេង ៖ « ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប ក៏ដូចជាក្នុងនាមជាយុវជនមួយរូបដែរ គឺខ្ញុំពិតជាសប្បាយ ចិត្ត ហើយដែលគាំទ្រទៅលើប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ហើយក៏គាំទ្រពេញទំហឹង សម្រាប់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការធ្វើជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ ក្នុងពេល ឆាប់ៗខាងមុខនេះ ព្រោះនេះគឺជាការផ្តល់ឱកាសមួយដ៏ធំ ក៏ដូចជាការលះបង់មួយដ៏ធំធេងសម្រាប់ ថ្នាក់ដឹកនាំកំពូល ផ្ដល់ឱកាសទៅដល់យុវជន ក្នុងការដឹកនាំប្រទេស ផ្តល់ឱកាសឱ្យយុវជនបង្ហាញ សមត្ថភាពទាំងលើឆាកជាតិនិងអន្តរជាតិ ហើយខ្ញុំពិតជាគាំទ្រហើយនឹងបន្តការគាំទ្រ ក៏ដូចជាលើកទឹកចិត្ត ដល់យុវជន បង្ហាញអំពីសមត្ថភាព និងពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការដឹកនាំគ្រប់វិស័យទាំងអស់» ។
ការបង្ហាញការគាំទ្រនេះ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានថ្លែងសារពិសេសពាក់ព័ន្ធនឹងដំណើរការរៀបចំគណៈរដ្ឋមន្រ្តីថ្មី ដោយសម្តេចតេជោ បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីថ្មី នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខ បន្ទាប់ពីរដ្ឋសភា បើកកិច្ចប្រជុំលើកដំបូង ។
សូមបញ្ជាក់ថា ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនិងប្រជាពលរដ្ឋទូទាំងប្រទេស បានសម្តែងអារម្មណ៍សប្បាយ រីករាយ និងអបអរសាទរចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលធ្វើជានាយករដ្ឋមន្ត្រីថ្មី សម្រាប់ អាណត្តិទី៧នេះ ដើម្បីបន្តការដឹកនាំប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕ ប្រភព៖ វិទ្យុជាតិកម្ពុជា
0 Comment:
Post a Comment