ចេញផ្សាយដោយ៖ www.kehaktomporknm.com on July 01, 2024
កណ្ដាល ៖ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកណ្ដាលថ្មី នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្ដិបណ្ដិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអភិបាលខេត្តថ្មីពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ក្នុងឱកាសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម គង់ សោភ័ណ្ឌ ដែលបានខិតខំសម្របសម្រួល ដឹកនាំការងាររដ្ឋបាល និងការអភិវឌ្ឍខេត្តកណ្តាល ក្នុងរយៈពេលដែលឯកឧត្តមកាន់មុខតំណែងជាអភិបាលខេត្តកណ្តាលអស់រយៈពេល ៤ឆ្នាំកន្លងមកនេះ និងបានសម្តែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម គួច ចំរើន ដែលត្រូវបានតែងតាំងជាអភិបាលខេត្តថ្មី ជំនួសឯកឧត្តមអភិបាលខេត្តចាស់ដែលត្រូវទៅបំពេញការងារនៅកន្លែងថ្មី។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានស្នើដល់ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ផ្តល់ការគាំទ្រ និងចូលរួមជាមួយឯកឧត្តម គួច ចំរើន ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្ត ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
ទន្ទឹមនឹងនេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានឡើងប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រើប្រាស់សមត្ថភាព លះបង់កម្លាំងកាយចិត្ត និងបទពិសោធន៍ក្នុងការដឹកនាំការគ្រប់គ្រងកិច្ចការរដ្ឋបាល ការអភិវឌ្ឍសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីរួមគ្នាបន្តអភិវឌ្ឍនូវសមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀត៕
ដោយចាន់សុភឿន ប្រភពក្រសួង